អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក ជាថ្មីម្ដងទៀត​ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល

ភ្នំពេញ៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ​២០២៤​នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកជំទាវបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្ស សូម​ជូន​ដំណឹង​​ដល់​បងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា អង្កររបស់ខ្មែរ បាន​ជាប់​ពាន​រង្វាន់​ជា​អង្ករ​ល្អដាច់​គេ​លើ​ពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។

លោកជំទាវបញ្ជាក់ថា «នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបាន​ទទួល​ពាន​រង្វាន់​ជា​អង្ករ​ល្អ​ដាច់​គេ​លើ​លោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើក​ទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅ​ឆ្នាំ​២០២៤»។

បើតាម​លោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្ត​ដល់​បង​ប្អូន​ប្រជា​កសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមាន​រស​ជាតិ​ឆ្ងាញ់ ​មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង