ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលមានគោលដៅប្រែក្លាយតំបន់ឆ្នេរអោយទៅជារបៀងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសកម្ពុជា ។ សមុទ្រកម្ពុជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើននិងផ្ដល់ប្រាក់ចំណូលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ការរៀបចំដែនដី ត្រូវឱ្យស្របទៅនឹងសក្តានុពលនៃតំបន់នីមួយៗនោះទើបជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបានឆាប់រហ័ស ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានពិនិត្យរាល់គម្រោងដែលបានរៀបចំចុងក្រោយមុននឹងចាប់ផ្តើមអនុវត្ត និងបានទទួលយកគំនិតផ្តួចផ្តើមមួយចំនួនទៀតមកពិនិត្យពិភាក្សា ឱ្យស្របទៅនឹងផែនការអភិវឌ្ឍមេរបស់តំបន់ឆ្នេរ ៕