ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាត្តឱ្យ ឯកឧត្តម ហ្សាហារូដឌីញ អូន្ន (SHAHARUDDIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ឯកឧត្តមឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសវិស័យសាសនានិងសេដ្ឋកិច្ចនៅកម្ពុជា។ ទោះបីកម្ពុជាប្រកាន់យកសាសនាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែកម្ពុជាបានបើកទូលាយទៅលើជំនឿសាសនាផ្សេងៗ ពិសេសបានផ្តល់នូវសិទ្ធសេរីភាពដល់សាសនិកឥស្លាមសាសនា និងបរិស័ទសាសនាផ្សេងៗទៀតដែលមាននៅកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរាជទូត សូមកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានគ្រប់គ្រងបានយ៉ាងល្អ ផ្តល់នូវភាពកក់ក្តៅ នឹងរក្សានូវសុខដុមនីយកម្មសាសនា ស្របទៅនឹងច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានស្វាគមន៍និងមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់។
ជាក់ស្តែងក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានបេសកកម្មដឹកនាំ និងគ្រប់គ្រង វិស័យធម្មការនិងសាសនា ពុទ្ធិកសិក្សា ការអប់រំ ការសិក្សា ស្រាវជ្រាវ វប្បធម៌ អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ និងការបោះពុម្ពផ្សាយនានា ដែលទាក់ទងនឹងសាសនា ហើយតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានពីរនិកាយធំៗគឺគណៈមហានិកាយ និងគណៈ ធម្មយុត្តិក និកាយ ក្នុងនោះដែរនៅកម្ពុជាក៏មានសាសនាជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រតិបត្តិដូចជាឥស្លាមសាសនា និងសាសនាគ្រិស្តជាដើម។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិវិស័យសាសនានិងសេដ្ឋកិច្ច ពិសេសលើកិច្ចសហប្រតិបត្តិការ រវាងស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-ម៉ាឡេស៊ី និងសូមជូនពរដល់ឯកឧត្តម ឯកអគ្គរាជទូតនិង សហការីទាំងអស់ទទួលបានជោគជ័យសំរាប់បេសកកម្មការទូតនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង