ចេញសេចក្តីប្រកាសព័ត៌មានថា បុរសដែលរក « អូកណូក » នោះជាជនស៊ីវិល

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានជម្រាបជូនសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង៤០នាទី សង្កេតឃើញតាមបណ្តាញសង្គមដែលមានឈ្មោះ So Koung បានចុះផ្សាយដែលមានខ្លឹមសារថា៖ “ហាងខ្ញុំលក់តែម្ហូបទេ ហាងខ្ញុំ មិនដែលលក់អូកណូកទេចាស សូមទានជ្រាបមុន ចូលសូមមើលផ្លាកយីហោផង លោកឯងចូលហាងញ៊ាំបាយមិនកម្មង់ម្ហូបញ៊ាំទេ បែរជាកម្មង់ អូកណូកទៅវិញ ហើយ លោកឯងខំយកឈ្នះអ្នកធំ និងយកស្ថាប័នប៉ូលីសបាំង មុខទៀត ហើយបានគំរាមខ្ញុំ ជេរ ចង្អុលមុខ ចង់ចូលទៅវ៉ៃខ្ញុំដល់ក្នុង តុរីសឹបទៀត កុំតែបានគ្នាគាត់ចាប់ឃាត់ទេ កុំអីគាត់ប្រើអំពើហិង្សាមកលើខ្ញុំហើយ លោកឯងមើលងាយខ្ញុំជាស្ត្រីភេទពេកហើយ ទង្វើបុគ្គលនេះគឺអសីលធម៌ណាស់ អាងសិទ្ធិ អាងអំណាចពេកហើយដើរអុកឡុកគំរាមគេ សូមបងប្អូនជួយឡាច និងស៊ែ ឱ្យបានច្រើន ឱ្យស្ថាបន័ និងមេៗគាត់បានឃើញទង្វើបុគ្គលនេះផង” ចំពោះរឿងហេតុដែលបានកើតឡើងខាងលើនេះ គឺនៅក្នុង ភោជនីយដ្ឋានអង្គរឈ័នឈូយាន ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើក្រោមការបញ្ហាដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការស្រាវជ្រាវ និងឈានដល់ការកំណត់បុគ្គល ដែលបានអះអាងថា ”ខ្លួនជានគរបាលជាតិនោះ គឺជាជនស៊ីវិល មិនមែនជាកងកម្លាំងនគរបាលជាតិនោះទេ” ។
អាស្រ័យហេតុនេះ ស្នងការដ្ឋាននគរបាលខេត្តក៍សូមសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាប សូមកុំយល់ច្រឡំចៀសវាងការបកស្រាយផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង