បុរសជនជាតិចិនម្នាក់ បានឈ្លោះគ្នាជាមួយប្រពន្ធ ឋិតក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តលឿនបួងចង្កូតទៅបុកចូលស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្ដាលឲ្យការខូចខាត
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសជនជាតិចិនម្នាក់បានឈ្លោះគ្នាជាមួយប្រពន្ធ និងឋិតក្នុងស្ថានភាពស្រវឹងស្រាផង បានបើករថយន្តលឿនបួងចង្កូតទៅបុកចូលស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្ដាលឲ្យការខូចខាត នៅចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវ ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចសុីស LM 350 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BX-3080 បើកបរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុប២៤ម៉ោង រថយន្តខាងលើបានបួងចង្កូតមកបុក ផ្លាកប៉ាណូ ស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្តាលឲ្យបាក់បង្គោលស្លាកប៉ាណូនឹងរបងជាច្រើនផ្ទាំងរងការខូចខាត ចំណែករថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។
ប្រភពដដែលបានបញ្ចាក់ថា ក្នុងអំឡុងពេលមុនកេីតហេតុ នៅក្នុងរថយន្តបង្កខាងលេីគេឃើញបុរសជាជនជាតិចិនបានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធនៅពេលកំពុងបើកបរ តែមិនដឹងឈ្លោះប្រកែករឿងអ្វីនោះទេ ស្រាប់តែបើកមកដល់ចំណុចស្តុប បួងចង្កូតមួយទំហឹង មកបុកចូលស្ថានីយប្រេងឥន្ធនៈតែម្តង ។ ភ្លាមៗបុរស និងស្ត្រីជនជាតិចិន បានចុះពីលើរថយន្តឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលតែម្តង ។
មន្ត្រីជំនាញផ្នែកចរាចរណ៍បានចុះមកដល់រួចធ្វើការទាក់វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បណ្ដោះអាសន្នដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធីច្បាប់ ៕