វរសេនីយ៍ទោ ទេព រដ្ឋា បាននាំយកមីចំនួន ៧០កេសតូច របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ឧបត្ថម្ភដល់ក្រុមទូកង ស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៩ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បាននាំយកមីចំនួន ៧០កេសតូច របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ឧបត្ថម្ភដល់ក្រុមទូកង ដែលចូលរួមប្រណាំងកម្សាន្តលេងសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងបរិវេណវត្តពោធិកែវព្រះនេត្រព្រះ ស្ថិតនៅភូមិកណ្តាល ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ ធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋនៅជិតឆ្ងាយមកកម្សាន្ត និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅពេលខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។
ជាមួយគ្នានេះផងដែរ ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត ៕