សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គលប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី
វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាន និង កំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០ គ្រួសារ។ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និង នេសាទនៅក្នុងឃុំអង្កោល និង លាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម, តំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និង តភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និង ច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និង តំបន់ផ្សេងៗទៀត នៅក្នុងខេត្តកែប។
ខេត្តកែប ព្រឹកថ្ងៃចន្ទ ទី១១ វិច្ឆិកា ២០២៤