សម្តេចធិបតី ៖ ពលរដ្ឋយល់កាន់តែច្បាស់ ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺគ្មានចេតនាណាមួយធ្វើឱ្យបាត់បង់ បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។
ក្នុងឱកាស អញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានស្តាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ដោយបានខិតខំធ្វើការអភិវឌ្ឍព្រមទាំងកិច្ចការងារជាច្រើន។ ការងារកសាង អភិវឌ្ឍន៍ផ្លូវតាមក្រវាត់ព្រំដែន ការធានានូវ អធិបតេយ្យភាព បូរណភាពទឹកដី ការជំរុញការអភិវឌ្ឍខេត្តទាំង៤នៅទិសឦសាន។ ចំណុចនេះ គឺជាគោលបំណងនៅក្នុងរយៈពេល២៥ឆ្នាំ របស់រាជរដ្ឋាភិបាលបន្ទាប់ពីប្រទេសកម្ពុជា បានទទួលនូវសុខ សន្តិភាពពេញលេញ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យខេត្តភូមិភាគឦសាននេះ មានការរីកចម្រើនបានលឿន តាមរយៈការប្រើប្រាស់ធនធានផ្ទាល់ខ្លួន និងធនធានរបស់ប្រទេសជិតខាង ដោយឈរលើយន្តការដែលបានព្រមព្រៀងគ្នាជាដើម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ចុងក្រោយនេះ ដើម្បីកុំឱ្យមានភាពហ្មងសៅ របស់ប្រជាពលរដ្ឋដោយប្រជាជនមួយក្រុមកុំឱ្យដកខ្លួន និងមួយក្រុមទៀតឱ្យដកខ្លួនចេញពី CLV-DTA ហើយឥឡូវកុំឱ្យ ប្រជាជនមានការបារម្ភ បើរាជរដ្ឋាភិបាលគិតគូរយ៉ាងម៉ត់ចត់មិនឱ្យបាត់បង់ទឹកដី ហើយយើងបានពន្យល់ច្រើនមកហើយ រាជរដ្ឋាភិបាលនៅថ្ងៃទី២០ ខែកញ្ញា បានជូនដំណឹងតាមនីតិវិធីទៅភាគីវៀតណាម និងឡាវ ដើម្បីដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA នេះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាល់ការសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ (CLV-DAT) គឺយើងហ៊ានធានា អះអាង ហ៊ានធ្វើដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។ ចំពោះករណី នេះក៏នៅមានក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសបានចិញ្ចឹមចិត្ត បង្កើតចលនាដើម្បីប្រឆាំងរាជរដ្ឋាភិបាល តែគំនិតនេះមិនទទួលបានជោគជ័យនោះទេ ពីព្រោះប្រជាពលរដ្ឋបានយល់ដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ដូចការចោទប្រកាន់នោះទេ។
សម្តេចបវរធិបតី គូសបញ្ជាក់ថា មកដល់ម៉ោងនេះ ខ្ញុំសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងការស្មោះត្រង់របស់រាជរដ្ឋាភិបាល របស់យើង ជាពិសេសពាក់ព័ន្ធរឿងគម្រោង CLV-DTA នេះ យើងមិនដែលក្នុងពេលមួយណា ដែលធ្វើឱ្យបាត់បង់ ឬមានគោលដៅធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិនោះទេ» ៕