រថយន្ត១គ្រឿង ដឹកដែកទីបជ្រុងជាច្រើនបាច់ ហើយពុំដឹងថា ដឹកធ្ងន់លើសចំណុះ ឬក៏យ៉ាងណានោះទេ ខណៈពេលកំពុងតែបើកបរសុខៗ ស្រាប់តែដាច់យ៉ាន់កង់ក្រោយ ១គ្រាប់ ខណៈនោះក៏បណ្ដាលឲ្យរេចង្កូតទៅចិញ្ចើមផ្លូវ រួចក៏ក្រឡាប់ភីង រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តម៉ាកគា ១គ្រឿង ដឹកដែកទីបជ្រុងជាច្រើនបាច់ ហើយពុំដឹងថា ដឹកធ្ងន់លើសចំណុះ ឬក៏យ៉ាងណានោះទេ ខណៈពេលកំពុងតែបើកបរសុខៗ ស្រាប់តែដាច់យ៉ាន់កង់ក្រោយ ១គ្រាប់ ខណៈនោះក៏បណ្ដាលឲ្យរេចង្កូតទៅចិញ្ចើមផ្លូវ រួចក៏ក្រឡាប់ភីង រងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តនេះ ឬក៏អ្នកដំណើរណាម្នាក់ រងរបួសនោះឡើយ ។
រថយន្តម៉ាកគា ១គ្រឿង ខាងលើនោះ ពណ៍ស មានពាក់ស្លាកលេខដែរ ប៉ុន្តែក្រោយពេលកើតហេតុ ត្រូវបានអ្នកបើកបរ យកក្រណាត់គ្របពីលើស្លាកលេខ បិទបាំងជិត មិនឲ្យមើលឃើញនោះឡើយ ហើយរថយន្តនេះ ដឹកដែកទីបជ្រុង រាប់រយដើម ចងជាបាច់ៗ ជាច្រើនបាច់ មានទម្ងន់រាប់តោន ។
នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តដឹកដែក ១គ្រឿងខាងលើនោះ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែ ឮសូរសំឡេងក្រឡាប់ភីង «ដូចគេរឹតខ្សែកាប្លិ៍ តឹងខ្លាំងពេក ហើយដាច់អ៊ីចឹង» បន្ទាប់មក ស្រាប់តែឃើញកង់រថយន្ត ១គ្រាប់ ខ្ទាតចេញ ហើយរថយន្តនោះ ក៏ក្រឡាប់ហុយដីទ្រលោមតែម្ដង ។
បុរសនោះ បាននិយាយបន្តទៀតថា ខណៈនោះ គាត់ក៏បានរត់ទៅមើលឃើញរថយន្តដាច់យ៉ាន់កង់ក្រោយ ១គ្រាប់ ទើបបណ្ដាលឲ្យរេចង្កូតរួចក៏ក្រឡាប់បែបនេះ ហើយពុំបានបណ្ដាលឲ្យមាននរណាគ្រោះថ្នាក់នោះឡើយ ។ ចំណែកអ្នកបើកបររថយន្តនេះ បានបើកទ្វារចេញមកក្រៅដោយសុវត្ថិភាព បន្ទាប់មកនគរបាលប៉ុស្តិ៍ប្រទះឡាង ក៏បានចុះទៅពិនិត្យមើលផងដែរ ប៉ុន្តែដោយគ្មានគ្រោះថ្នាក់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈនោះ ទើបឲ្យម្ចាស់បានជួលរថយន្តស្ទូច ទៅស្ទូចលើកយករថយន្តនោះ ទៅធ្វើការជួសជុលឡើងវិញ ដោយខ្លួនឯង ៕