រថយន្តយីឌុបបែនដឹកដី ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនសុខៗ ស្រាប់តែរេចង្កូតធ្លាក់ពីលើផ្លូវ ក្រឡាប់ចូលទៅក្នុងប្រឡាយទឹក

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១០៤ ស្ថិតនៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តយីឌុបបែនដឹកដី ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនសុខៗ ស្រាប់តែរេចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយទឹកទាំងកំរោល ដោយអ្នកបើកបរប្រាប់គេឯងថា វាក់ជាមួយរថយន្ត និងម៉ូតូ ដែលនៅខាងមុខ ពេលនោះខ្លួនបានបួងចង្កូតគេចចេញ ទើបបណ្ដាលកើតរឿងបែបនេះតែម្ដង ប៉ុន្តែសំណាងល្អ មិនបានបណ្ដាលឲ្យអ្នកបើកបររូបនោះ ឬក៏អ្នកដំណើរតាមផ្លូវណាម្នាក់រងរបួសនោះឡើយ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ ។

នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តយីឌុបបែនដឹកដី ១គ្រឿងខាងលើ ដឹកដីពេញតៅ បើកបរធ្វើដំណើរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ១០៤ ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ធ្លាក់ពីលើផ្លូវក្រឡាប់ដេកផ្អៀងចូលទៅក្នុងប្រឡាយទឹកទាំងកំរោល ចាក់ដីពីតៅចោលក្នុងប្រឡាយទឹកនោះ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះពួកគាត់បានរត់ទៅមើលឃើញអ្នកបើកបរ ពុំមានគ្រោះថ្នាក់នោះឡើយ និងបានលូនចេញពីក្នុងរថយន្តដោយសុវត្ថិភាព ហើយក៏ពុំបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះដែរ ។ ចំណែកអ្នកបើកបររូបនោះបាននិយាយប្រាប់ពួកគាត់ផងដែរថា រូបគេបួងចង្កូតគេចចេញពីរថយន្ត និងម៉ូតូ នៅខាងមុខ ទើបរេចង្កូតធ្លាក់ផ្លូវក្រឡាប់បែបនេះ តែម្ដងទៅ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ទៀន ក៏បានចុះទៅកាន់ទីនោះពិនិត្យមើលជាក់ស្ដែង ហើយបន្ទាប់ពីឃើញថា មិនបង្កឲ្យមានអ្នករងរបួស ឬ ក៏ខូចខាតដល់សម្បត្តិរដ្ឋ ក៏បានអនុញ្ញាតឲ្យ អ្នកបើកបរហៅស្ទូចទៅស្ទូចលើកយករថយន្តទៅធ្វើការជួសជុលឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង