ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោក ត្រាំ មានគម្រោងតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសអាមេរិក

(Reuters)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់លោក នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ។ នេះបើតាមសារព័ត៌មាន New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយផ្អែកលើការដកស្រង់សម្ដីពីប្រភពចំនួន៣ New York Times បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើមិនទាន់ត្រូវបានសម្រេចជាចុងក្រោយនោះទេ ប៉ុន្តែលោក ត្រាំ បានបង្ហាញ ទំនោរជ្រើសរើសយកលោក Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស។ កាលពីសប្ដាហ៍មុន នៅពេលត្រូវបានសាកសួរថាតើរូបលោកមានបំណងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងជួរ រដ្ឋបាលថ្មីរបស់លោក ត្រាំ ដែរឬទេ? លោក Rubio បានប្រាប់ទូរទស្សន៍ CNN ថា «ខ្ញុំតែងតែចាប់អារម្មណ៍លើការងារបម្រើជាតិ»។
គួរបញ្ជាក់ថា លោក Marco Rubio មានដើមកំណើតចេញពីគ្រួសារដែលជាជនភៀសខ្លួនគុយបា។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣៕

អត្ថបទដែលជាប់ទាក់ទង