ប្រទីបរបស់ក្រសួងបរិស្ថាន បានរៀបចំរួចរាល់ជាស្ថាពរ ដើម្បីត្រៀមស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ ប្រទីបរបស់ក្រសួងបរិស្ថាន បានរៀបចំរួចរាល់ជាស្ថាពរ ដើម្បីត្រៀមស្វាគមន៍ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
រចនាឡើង យោងតាមនិមិត្តរូបនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ជាមូលដ្ឋានដោយផ្តោតលើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត គឺ ភាពស្អាត ភាពបៃតង និងចីរភាព បានរំលេចដោយភ្លើងពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត បញ្ចេញសោភ័ណភាពយ៉ាងទាក់ភ្នែកនាពេលរាត្រី។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមការគ្រោងទុកព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍៕

អត្ថបទដែលជាប់ទាក់ទង