ប្រទេសប៊ូតានដែលជា គ្រោងសាងសង់ ទីក្រុងនៃសតិសម្បជញ្ញៈ

មប៊ូ៖ ប្រទេសប៊ូតានដែលជាអាណាចក្រហិម៉ាឡៃយ៉ានដែលបានបង្ហាញពិភពលោកនូវផ្នត់គំនិតនៃសុភមង្គល និងសេចក្តីសុខគ្រោងនឹងសាងសង់ «ទីក្រុងនៃសតិសម្បជញ្ញៈ» ហើយនឹងចាប់ផ្តើមចេញប័ណ្ណបំណុលចំនួន ១០០ លានដុល្លារនៅថ្ងៃចន្ទទី ១១ ខែវិច្ឆិកា ដើម្បីជួយចាប់ផ្តើមគម្រោងនេះ។
ក្រុមមន្ត្រីបានលើកឡើងថា ទីក្រុងនៃសតិសម្បជញ្ញៈ ឬ Gelephu Mindfulness City (GMC) នឹងស្ថិតនៅក្នុងតំបន់រដ្ឋបាលពិសេសមួយដែលមានច្បាប់ និងវិន័យដាច់ដោយឡែក ដែលនឹងមានបំណងក្លាយជាច្រករបៀងសេដ្ឋកិច្ចដែលតភ្ជាប់អាស៊ីខាងត្បូងទៅអាស៊ីអាគ្នេយ៍។ ពួកគេបានបន្ថែមថា ទីក្រុងនេះនឹងលើកកម្ពស់ការដើរកម្សាន្ត និងជិះកង់ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កន្លែងបៃតងសម្រាប់ការធ្វើសមាធិ និងការសម្រាកលំហែ ការអប់រំសតិ សកម្មភាពសហគមន៍សាធារណៈ មជ្ឈមណ្ឌលថែទាំសុខភាព និងទេសចរណ៍ធម្មជាតិ។
ទីក្រុងនៃសតិសម្បជញ្ញៈនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីជាង ២៥០០គីឡូម៉ែត្រការ៉េ នៅតាមព្រំដែនជាមួយប្រទេសជិតខាងឥណ្ឌា ហើយផ្តល់កន្លែងសម្រាប់អាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ ទេសចរណ៍ ថាមពលបៃតង បច្ចេកវិទ្យា ការថែទាំសុខភាព កសិកម្ម អាកាសចរណ៍ ភស្តុភារ ការអប់រំ និងខាងវិញ្ញាណ។ មូលនិធិដែលរៃអង្គាសនឹងត្រូវបានប្រើដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដំបូង សម្រាប់ថាមពលបៃតង និងការតភ្ជាប់ក្នុងចំណោមមូលនិធិផ្សេងៗទៀត។
អភិបាលក្រុងថ្មីនេះ លោក ឡូតាយ ស៊ឺរីង (Lotay Tshering) បានសង្កត់ធ្ងន់ថា ៖«គម្រោងដ៏មហិច្ឆតានេះនឹងកំណត់ឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស[…]។ គោលដៅគឺដើម្បីទាក់ទាញការវិនិយោគ ការអភិវឌ្ឍជំនាញ និងការបង្កើតការងារនៅក្នុងប្រទេសប្រកាន់ពុទ្ធសាសនិកភាគច្រើន.»។ ប្រទេសដែលមានប្រជាជនតិចជាង ៨សែននាក់ដែលនៅជាប់ព្រំដែនរវាងមហាយក្សអាស៊ីឥណ្ឌា និងចិន បាននឹងកំពុងតស៊ូដើម្បីជំរុញសេដ្ឋកិច្ច ៣ ពាន់លានដុល្លារដែលពឹងផ្អែកខ្លាំងលើជំនួយ វារីអគ្គិសនី និងវិស័យទេសចរណ៍ ហើយបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការរឹតបន្តឹងជំងឺកូវីដ១៩។ វិបត្តិការងារ ជាមួយនឹងភាពអត់ការងារធ្វើរបស់យុវជនឈានដល់ជិត ៣០ភាគរយក្នុងឆ្នាំ២០២២ បានបង្កឱ្យមានចលនាចំណាកស្រុកនៃយុវជនដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស។
ទីក្រុងនៃសតិសម្បជញ្ញៈនេះនឹងត្រូវសាងសង់ជាដំណាក់កាល ហើយរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២១ឆ្នាំ ដោយមានដៃគូឯកជនវិនិយោគលើផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន ផ្ទះ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម។ អាជ្ញាធររំពឹងថាមនុស្សប្រហែល ១៥ម៉ឺននាក់នឹងរស់នៅទីនោះក្នុងរយៈពេល ៧ ទៅ១០ឆ្នាំដំបូង និងច្រើនជាងមួយលាននាក់នៅពេលបន្ទាប់ៗទៀត។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដែលនឹងគ្របដណ្ដប់លើអាជីវកម្មប្រកបដោយមនសិកា និងនិរន្តរភាព ដែលត្រូវបានបំផុសគំនិតខាងស្មារតីប្រណិប័តន៍ព្រះពុទ្ធសាសនា និងអត្តសញ្ញាណនៃប្រទេសប៊ូតាន។ ក្រៅពីនេះ គម្រោងនេះក៏នឹងផ្តោតលើសុភមង្គល សុខុមាលភាព និងការគិតពិចារណា ហើយក៏រួមបញ្ចូលស្ថាបត្យកម្មដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង