បង្ក្រាបការដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាត ស្រុកសណ្ដាន់
កំពង់ធំ៖ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ល្ងាច មន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានសហការជាមួយកម្លាំងស្នាក់ការអូរងាវនៃដែនជម្រកសត្វព្រៃព្រៃឡង់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) នៅចំណុចអូរងាវ ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្រោមការណែនាំរបស់លោក តុប កក្កដា កម្លាំងបានឃាត់រថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ស ស្លាកលេខភ្នំពេញ 2BB-2412 ដែលដឹកឈើប្រភេទសុក្រំចំនួន ១២ ដុំ ស្មើ ០.៩៤៨ ម៉ែត្រគូប នៅម៉ោង ៨:០៧ នាទីយប់។ បន្ទាប់មកកម្លាំងបានបន្តប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿងទៀតម៉ាក LEXUS ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AN-1660 នៅចំណុចទួលសេវា ដែលដឹកឈើប្រភេទសុក្រមចំនួន ១៨ ដុំ ស្មើ ០.៧៩២ ម៉ែត្រគូប។
ប្រតិបត្តិការនេះឃាត់បានរថយន្តចំនួន ០២ គ្រឿង និងឈើចំនួន ៣០ ដុំ ស្មើ ១.៧៤ ម៉ែត្រគូប។ វត្ថុតាងបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការអូរងាវ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕