ប្រតិបត្តិការ២ថ្ងៃ បង្ក្រាបបទល្មើសនេសាទជាច្រើនករណី នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំសហការជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយប្រចាំការនៅភូមិសាស្រ្តឃុំផាត់សណ្តាយ បានបើកកិច្ចប្រតិបត្តិការក្តៅដើម្បីបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណី។

ថ្ងៃទី១៖ តាមរបាយការណ៍លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានឱ្យដឹងថា នៅម៉ោង ១៣:១០ នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយចំនួន២នាក់ និងកាណូត១គ្រឿង ដឹកនាំដោយលោកអនុសេនីយឯក ឡុង វឿន មេបញ្ជាការរងអាវុធហត្ថស្រុក បានសហការជាមួយក្រុមការងារចម្រុះទីបញ្ជាការស្រាល ដឹកនាំដោយលោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដើម្បីប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅតំបន់ព្រែកជើងលោង ដល់ព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់។ ជាលទ្ធផល ក្រុមការងារបានរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ រួមមាន៖ របាំងសាច់អួន ០៦របាំង ប្រវែង ១៨០០ម៉ែត្រ, ឡុក ១៨គ្រឿង, លូសាច់អួន ១៨មាត់, បង្គោល ១២០០ដើម និងបានចាក់លែងត្រីស្រស់ទម្ងន់ ៣០គីឡូក្រាមចូលទន្លេវិញ។

ថ្ងៃទី២៖ នៅម៉ោង ៨:៣០ នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយ និងក្រុមការងារចម្រុះទីបញ្ជាការស្រាល ដឹកនាំដោយលោក ជិន ស៊ីថា បានបន្តប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងម៉ា, បឹងកំភ្លាញធំ និងឈូងថ្ម។ ជាលទ្ធផល ក្រុមការងារបានបង្ករប្រកាសសំណុំរឿងបង្ក្រាបរបាំងសាច់អួន ៥របាំង ប្រវែង ១៥០០ម៉ែត្រ, ឡុក ១៥គ្រឿង, លូ ១៥មាត់, បង្គោល ១៣០០ដើម និងបានចាក់លែងត្រីស្រស់ចម្រុះទម្ងន់ ២០គីឡូក្រាម ចូលទន្លេវិញ ៕

អត្ថបទដែលជាប់ទាក់ទង