ដាក់ពង្រាយសម្រាប់ការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអ៊ីស្រាអែល
ប្រទេសបារាំង ៖ ប៉ូលិសប្រចាំក្រុងប៉ារីស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសថា មន្ត្រីប៉ូលិសចំនួន៤ពាន់នាក់នាក់ និងបុគ្គលិកសន្តិសុខនៅកីឡដ្ឋានចំនួន ១,៦០០នាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអ៊ីស្រាអែល។ ការដាក់ពង្រាយប៉ូលិសដ៏ច្រើនបែបនេះ ដើម្បីធានាសន្តិសុខទាំងក្នុង និងជុំវិញកីឡដ្ឋាន ក៏ដូចជាទីតាំងផ្តល់សេវាដឹកជញ្ជូនសាធារណៈ ពោលគឺមួយសប្តាហ៍បន្ទាប់ពីកើតមានអំពើហិង្សាលើអ្នកគាំទ្រអ៊ីស្រាអែល នៅទីក្រុងអាំស្ទែដាំ (Amsterdam) ប្រទេសហូឡង់។
ក្រុមមាន់គក់បារាំង នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិ Stade de France ស្វាគមន៍ក្រុមភ្ញៀវអ៊ីស្រាអែល សម្រាប់ការប្រកួតក្នុងពូល ២ លីគ A ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆាប់ៗនេះ ក្រោមការចូលរួមទស្សនាផ្ទាល់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ បានព្រមានពលរដ្ឋខ្លួននៅក្រៅប្រទេសឱ្យជៀសវាងការចូលរួមដោយផ្ទាល់ព្រឹត្តិការណ៍កីឡា និងវប្បធម៌ ជាពិសេសការប្រកួតនៅទីក្រុងប៉ារីសខាងមុខនេះ ហើយត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះអំពើហិង្សាក្រោមការក្លែងបន្លំជាសកម្មភាពបាតុកម្ម។
ដោយឡែក លោក Laurent Nunez មេប៉ូលិសក្រុងប៉ារីស បានបញ្ជាក់ប្រាប់ទូរទស្សន៍បារាំង BFM TV ថា ប៉ូលិសចំនួន ២,៥០០នាក់នឹងត្រូវដាក់ពង្រាយជុំវិញកីឡដ្ឋាន ភាគខាងជើងនៃរដ្ឋធានីបេះដូងប្រទេសបារាំង បន្ថែមពីលើប៉ូលិស ១,៥០០នាក់ផ្សេងទៀតនៅក្នុងទីក្រុងប៉ារីស និងទីតាំងផ្តល់សេវាដឹកជញ្ជូនសាធារណៈ។ លោកបន្ថែមថា នឹងមានបរិវេណសន្តិសុខប្រឆាំងភេរវកម្មនៅជុំវិញកីឡដ្ឋាន ហើយការត្រួតពិនិត្យសុវត្ថិភាពនឹងត្រូវបានពង្រឹង រួមទាំងការត្រួតពិនិត្យជាប្រព័ន្ធ ខណៈអ្នករៀបចំរបស់បារាំងក៏បានទាក់ទងជាមួយអាជ្ញាធរ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែលផងដែរ។
ការរឹតបន្តឹងពីអាជ្ញាធរបារាំងធ្វើឡើង ក្រោយរបាយការណ៍អាជ្ញាធរហូឡង់បានឱ្យដឹងថា អ្នកគាំទ្រអ៊ីស្រាអែលរងការវាយប្រហារកាលពីសប្តាហ៍មុន ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ UEFA Europa League រវាងក្រុមម្ចាស់ផ្ទះ Ajax និងក្រុមភ្ញៀវមកពីអ៊ីស្រាអែល Maccabi Tel Aviv នៅទីក្រុងអាំស្ទែដាំ។
ដើមចមនៃការប្រើប្រាស់ហិង្សាលើអ្នកគាំទ្រក្រុមអ៊ីស្រាអែល បណ្តាលមកពីជម្លោះនៅតំបន់ហ្គាហ្សា ដោយយុវជនមួយក្រុមបានកំណត់គោលដៅវាយប្រហារជនជាតិជ្វីហ្វ។ មនុស្ស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារលើអ្នកគាំទ្រអ៊ីស្រាអែល ដែលត្រូវបានអាជ្ញាធរប្រចាំទីក្រុងអាំស្ទែដាំថ្កោលទោសយ៉ាងខ្លាំង។
លោក Bruno Retailleau រដ្ឋមន្ត្រីមហាផ្ទៃបារាំងបានបញ្ជាក់ថា ការប្រកួតរវាងម្ចាស់ផ្ទះបារាំង និងអ៊ីស្រាអែលនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ វត្តមានទស្សនាផ្ទាល់ដែលត្រូវបានរំពឹងទុករបស់លោកប្រធានាធិបតីបារាំង មិនត្រឹមតែជាការបង្ហាញពីការគាំទ្រដល់ក្រុមមាន់គក់បារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងផ្ញើសារអំពីសេចក្ដីរាប់រកគ្នា និងសាមគ្គីភាព បើទោះបីជាការប្រកួតមួយនេះ ត្រូវបានដាក់ជាការប្រកួតហានិភ័យខ្ពស់យ៉ាងណាក៏ដោយ៕ ដកស្រង់ ៖ CNN, Reuters និង The Guardian