ជនជាតិឡាវ និងជនជាតិចិនចំនួនពីរនាក់ សមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ខ្លួន ខណៈលួចដឹកជញ្ជូនជួញដូរគ្រឿងឆ្លងញៀនខុសច្បាប់ ករណីផ្សេងគ្នា

ខេត្តស្ទឹងត្រែង ៖ បើយោងតាមការអោយដឹងពីសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកបុរីអូរស្វាយសែនជ័យឃាត់ខ្លួន បន្ទាប់ឆែកឆេរអីវ៉ាន់លើម៉ូតូរ៉ឺម៉កមួយគ្រឿងប្រទះឃើញថ្នាំញៀនមួយចំនួនកង្កប់ក្រោមសារធាតុម្សៅម៉ត់ពណ៌.សក្នុងធុងពណ៌ខៀវ ។

ជនជាតិឡាវ និងជនជាតិចិនចំនួនពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងធ្វើការចាប់ខ្លួនបាន ខណៈលួចដឹកជញ្ជូនជួញដូរគ្រឿងឆ្លងញៀនខុសច្បាប់ ករណីផ្សេងគ្នា បើគិតត្រឹមជិតពាក់កណ្ដាលខែវិច្ឆិកា ២០២៤ នេះ ។

ប្រភពព័ត៌មានបន្តថា ការឆែកឆេរនិងឃាត់ខ្លួនជនជាតិនេះ សមត្ថកិច្ចធ្វើឡើងនៅចំណុចគោលដៅត្រួតពិនិត្យផ្លូវបំបែកចូលភូមិអូរស្វាយស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាម៉ោង១៧ និង២៧នាទីថ្ងៃទី១១ ខែវិច្ឆិកា ២០២៤ ដោយមានកម្លាំងចម្រុះចូលរួមផងដែរ ។
ជនសង្ស័យឈ្មោះ PAN ZHENGJiAN ជាជនជាតិចិន ទីកន្លែងបច្ចុប្បន្នប្រទេសចិន ប្រើលិខិតឆ្លងដែនលេខ EH7295636 ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ
ខណៈឆែកឆេរអីវ៉ាន់លើម៉ូតូរកឃើញវត្ថុតាងជាគ្រឿងញៀនចំនួន១២ដុំ និងសារធាតុមិនច្បាស់ មួយចំនួនទៀត។

ក្រោយប្រទះឃើញសារធាតុញៀនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង មន្ត្រីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានបានធ្វើតេស្តបញ្ជាក់ថាវត្ថុតាងខាងលើ ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ។
ចំពោះវត្ថុតាង និងសម្ភារចាប់យករួមមានមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១២ដុំ ទម្ងន់សុទ្ធ២គីឡូនិង២៣១.៥៩ក្រាម ។ សារធាតុមិនច្បាស់ប្រភេទទឹកខ្មៅចំនួន២១ដប។ សារធាតុមិនច្បាស់ប្រភេទពណ៌ទឹកតែ ០១ដប។ សារធាតុមិនច្បាស់ប្រភេទម្សៅម៉ត់ស ០១ធុង។ម៉ូតូ ០១គ្រឿង។ទូរស័ព្ទដៃចំនួន ០២គ្រឿងនិងលិខិតឆ្លងដែន១ក្បាល។

នេះជាករណីថ្មីមួយទៀត បន្ទាប់ពីកម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបានត្រួតពិនិត្យឆែកឆេរលើរថយន្តចំនួន០១គ្រឿង ម៉ាក FOR TUNER ពណ៌សស្លាកលេខឡាវ១១១៥ ប្រទះឃើញ វត្ថុតាងជាគ្រឿងញៀនចំនួន១៦៧ដុំ ទម្ងន់សុទ្ធ៩៣គីឡូ និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវបន្ថែមលើករណីជួញដូរគ្រឿងញៀនឆ្លងដែន ព្រមទាំងកសាងសំណុំរឿងបញ្ជូនជនជាតិចិនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង