ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តរតនគិរី
នៅថ្ងៃអង្គារ-ពុធ ១២-១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះពិនិត្យជាក់ស្ដែងពីស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួនស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យប្រព័ន្ធធាសាស្ដ្រចំនួន៣កន្លែង ទី១)ប្រព័ន្ធធារាសាស្ត្រថងកាថូន ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ អាងស្តុកទឹកមានទំហំ ១៦ហិកតា មានសមត្ថភាពអាចស្តុកទឹកបានប្រមាណ ១៣៩ ០០០ម៉ែត្រគូប ដោយទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀង អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៩៥ហិកតា ទី២)ប្រព័ន្ធធារាសាស្ត្រល្បាំង១ ស្ថិតក្នុងឃុំល្បាំង១ ស្រុកលំផាត់ អាងស្តុកទឹកមានទំហំ ១២ហិកតា មានសមត្ថភាពអាចស្តុកទឹកបានប្រមាណ ២៥0 000ម៉ែត្រគូប ដោយទទួលប្រភពទឹករស់ពីអូរកាទៀង អាចស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២៨៩ហិកតា និងទី៣)ប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស ស្ថិតក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំ អាងស្តុកទឹកមានទំហំ ៣៩ហិកតា មានសមត្ថភាពអាចស្តុកទឹកបានប្រមាណ ២00 ០០០ម៉ែត្រគូប ដោយទទួលប្រភពទឹកមកពីអូរភ្លង ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៥៦ហិកតា។
ជាលទ្ធផល ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា អាងស្តុកទឹកទាំង៣នេះ បានរក្សាស្ដុកទឹកទុកបាន ១០០% សម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងខាងមុខ៕