ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ
ញូវដេលី៖ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីក្រុងដេលី បានវ៉ាដាច់ទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន ក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុម IQAir របស់ប្រទេសស្វីស។ សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងដេលី បានកើនឡើងលើស ១,០០០ ដែលត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ខ្លាំង។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ការបំពុលបានកាត់បន្ថយការមើលឃើញមកត្រឹម ១០០ម៉ែត្រនៅកន្លែងខ្លះ ខណៈអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi របស់ទីក្រុងដេលី បានចាប់ផ្តើមនីតិវិធីសុវត្ថិភាពដើម្បីធានាសុវត្ថិភាពហោះហើរ ប៉ុន្តែបានព្រមានថាជើងហោះហើរមួយចំនួនអាចនឹងរងផលប៉ះពាល់។
សូមបញ្ជាក់ថា ទីក្រុងនេះតែងតែជួបប្រទះបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរ នៅរដូវរងា ដោយសារតែកត្តាផ្សេងៗ រួមទាំងខ្យល់ខ្លាំង ធូលីដី ការបំភាយឧស្ម័ន និងផ្សែងចេញពីការដុតកសិផលនៅក្នុងរដ្ឋជិតខាង។
អាជ្ញាធរកំពុងពិចារណា ប្រើប្រាស់ភ្លៀងសិប្បនិម្មិតដើម្បីកាត់បន្ថយផ្សែងអ័ព្ទទាំងនោះ។ កាលពីពេលថ្មីៗនេះ ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ដើម្បីទប់ទល់នឹងបញ្ហាបំពុលបរិយាកាស ៕