សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងឈ្មោះ ក្រុមបឹងកក់(BK) ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងមួយក្រុម មានឈ្មោះ ក្រុមបឹងកក់ (BK) មានគ្នាចំនួន ០៨ នាក់ បានប្រើដាវចំនួន ០២ ដើម និងដំបងឈើចំនួន ០១ ដើម ធ្វើសកម្មភាពនាំគ្នា កាប់ និងវាយ ទៅលើជនរងគ្រោះម្នាក់ជាសមាជិកក្រុមក្មេងទំនើងឈ្មោះ ក្រុមឫស្សីកែវ (RSK) បណ្តាលឱ្យរងរបួស ត្រូវដៃជាច្រើនកន្លែងរបួស ហូរឈាម នៅចំណុចមុខហាងកាហ្វេយីហោអេសខេកាហ្វេ ផ្លូវបេតុង ក្រុម០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ៣៥ នាទី។
ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥ នាក់១-ឈ្មោះ ណាង វណ្ណៈ ហៅ វីណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ ញី មួនខេមរា ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ជួន ជាវឌ្ឍនា ហៅ ជួន នីម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះ វ៉ាន់ ដាវិត ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ និង៥-ឈ្មោះ រឿង វីរៈ ហៅ រក្ស ភេទប្រុស អាយុ១ យុ១៨ឆ្នាំ។ បក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៥ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅស្ថិតនៅចំណុចហាង កាហ្វេយីហោអេសខេកាហ្វេ ផ្លូបេតុង ក្រុម០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង