រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (ជុំទី២) ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយលោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងរាជធានីភ្នំពេញ។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងសមធម៌។
បេសកកម្មនេះក្រុមការងារបានជួបប្រជុំនិងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៧ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារនិងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិកនិងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង
៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។
ជាចុងក្រោយឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង