ខេត្តមណ្ឌលគិរី រៀបចំព្រឹត្តិការណ៍ការប្រណាំងទូក លើកដំបូង ទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤
មណ្ឌលគិរី៖ ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរណ៍ជាងប្រាំម៉ឺននាក់ ដែលគ្រាកន្លងមករាល់ពិធីបុណ្យ ឬថ្ងៃឈប់សម្រាកធំៗ ខេត្តមួយនេះអាចទទួលបានភ្ញៀវប្រមាណមួយម៉ឺន ទៅពីរម៉ឺននាក់ប៉ុណ្ណោះ។ ការកើនឡើងនូវចំនួនភ្ញៀវទេសចរបែបនេះ ត្រូវគេមើលឃើញថា ដោយអាជ្ញាធរខេត្ត បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ជាច្រើនក្នុងខេត្ត ដូចជា៖ ការប្រណាំងទូក ការប្រគំតន្រ្តី ការតាំងពិព័ណ៌ម្ហូបអាហារ និងសម្ភារៈផ្សេងៗ បណ្តែតប្រទីប បណ្តែតកន្ទោង បង្ហោះគោម និងពិធីអកអំបុក សំពះព្រះខែជាដើម ដើម្បីបង្កភាពសប្បាយរីករាយ និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នេះគឺជាឆ្នាំដំបូងដែលខេត្តមណ្ឌលគិរី បានរៀបចំនូវព្រឹត្តិការណ៍ការប្រណាំងទូក ដើម្បីអបអរសាទរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានបង្កនូវភាពសប្បាយរីករាយ ជូនដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តមណ្ឌលគិរីនាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ថ្វីត្បិតតែនេះគឺជាឆ្នាំដំបូង សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំពិធីប្រណាំងទូកនេះ ប៉ុន្តែយើងរៀបចំបានយ៉ាងល្អប្រសើរ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក ដោយមានការរៀបចំចាត់តាំងអនុគណៈកម្មការ និងក្រុមការងារទទួលខុសត្រូវច្បាស់លាស់ ជាពិសេស មានការចូលរួមពីបងប្អូនក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ប្រឹងប្រែងអុំប្រណាំងទូក និងបានបង្កនូវការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងរយៈពេលទាំង ៣ថ្ងៃកន្លងមកនេះ។ ឯកឧត្តម បញ្ជាក់ថា ការទទួលបានជោគជ័យ ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ នៅខេត្តមណ្ឌលគិរី ក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន និងសប្បុរសជននានា ទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ ទាំងសម្ភារ ថវិកា និងកម្លាំងចិត្ត ក្នុងការលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនេះ កម្លាំងនគរបាល បានសហការជាមួយកម្លាំងអាវុធហត្ថ និងមានការចូលរួមពីប្រជាការពារ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងល្អប្រសើរ នៅគ្រប់តំបន់ទេសចរណ៍ និងគោលដៅសំខាន់ៗ ជាពិសេស ជួយសម្រួលទាំងផ្នែកចរាចរណ៍ផងដែរ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៥២,៧៩៣នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៦០៦នាក់ ដែលបានជម្រុញចលនាសេដ្ឋកិច្ចក្នុងមូលដ្ឋានបានមួយកម្រិត។ លោកប្រធានមន្ទីរបន្តថា សម្រាប់ការស្នាក់ បានគ្រប់គ្រាន់ គ្រប់បន្ទប់ ទាំងសណ្ឋាគារ រីស៊ត ម៉ូតែល និងផ្ទះសំណាក់ ពេញទាំងអស់។ សម្រាប់ខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍សរុបចំនួន ១០៦កន្លែង ក្នុងនោះតំបន់ទេសចរណ៍ វប្បធម៌-ប្រវត្តិសាស្ត្រចំនួន០៥ កន្លែង។ តំបន់រមណីយដ្ឋានធម្មជាតិ-អេកូទេសចរណ៍ចំនួន ៩៨កន្លែង និងរមណីយកែច្នៃចំនួន ៣កន្លែង ដែលជាសក្តានុពលអភិវឌ្ឍអេកូទេសចរណ៍៕