អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់

បេរ៉ូត៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារមួយ នៅកណ្តាលទីក្រុង Beirut ប្រទេសលីបង់នៅថ្ងៃអាទិត្យនេះ បានសម្លាប់លោក Mohammad Afif ប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា។ នេះបើយោងតាមប្រភពសន្តិសុខលីបង់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារនេះ បានកើតឡើងនៅក្នុងសង្កាត់ Ras al-Nabaa ដែលមានប្រជាជនរស់នៅច្រើន និងបានបំផ្លាញអគារមួយដែលមានការិយាល័យរបស់គណបក្ស Ba’ath ដែលមានទំនោរគាំទ្រក្រុមហេសបូឡាស្ថិតនៅ។
ទោះយ៉ាងណា យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។ ប៉ុន្តែ ប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការឆ្លើយតបរបស់អ៊ីស្រាអែល ទៅនឹងការវាយប្រហាររបស់ក្រុមហេសបូឡាទៅលើទឹកដីអ៊ីស្រាអែល។
លោក Mohammad Afif គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រុមហេសបូឡាដែលទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ លោកធ្លាប់ជាទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ របស់អតីតអគ្គលេខាធិការហេសបូឡា និងជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ Al-Manar របស់ក្រុមនេះអស់រយៈពេលជាច្រើនឆ្នាំ។
ការវាយប្រហារនេះ បានកើតឡើងក្នុងបរិបទនៃជម្លោះរវាងអ៊ីស្រាអែល និងហេសបូឡា ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។ អ៊ីស្រាអែល បានបង្កើនការវាយប្រហារទៅលើលីបង់ ចាប់តាំងពីក្រុមនេះបានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត ទៅកាន់គោលដៅយោធាអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង