ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ អាចឆក់យកបេះដូងអ្នកគាំទ្រ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗស្ទើរតែទូទាំងប្រទេស ដែលនេះជាកំណត់ត្រា និងប្រវត្ថិសាស្ត្រថ្មី សម្រាប់ទូកងប្រចាំខេត្តបាត់ដំបង
ប្រិយមិត្តចង់ដឹងអត់ តើទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ មានលក្ខណៈពិសេសអ្វីខ្លះ ទើបអាចឆក់យកបេះដូងអ្នកគាំទ្របានទូទាំងប្រទេស និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរមិននឹកស្មានដល់បែបនេះ ? មិនសរសើរមិនបាន ទោះបីទទួលបានចំណាត់ថ្នាក់លេខ៥ ផ្នែកល្បឿនទូទាំងប្រទេស ប៉ុន្តែទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ អាចឆក់យកបេះដូងអ្នកគាំទ្រក៏ដូចជា ថ្នាក់ដឹកនាំកំពូលៗស្ទើរតែទូទាំងប្រទេស ដែលនេះជាកំណត់ត្រា និងប្រវត្ថិសាស្ត្រថ្មីសម្រាប់ទូកងប្រចាំខេត្តបាត់ដំបង ។
ជាការពិតណាស់ ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ ខេត្តបាត់ដំបង គឺជាទូកងមួយដែលមានវិន័យត្រឹមត្រូវល្អខ្លាំងមែនទែន ដោយអាចឆ្លុះបញ្ជាំងឲ្យឃើញពីភាពអស្ចារ្យនៃការកើនឡើងប្រជាប្រិយភាពក៏ដូចជា សន្ទុះនៃការគាំទ្រស្ទើរទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ។ លក្ខណៈពិសេសរបស់ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ ខេត្តបាត់ដំបង ទីមួយកីឡាករនីមួយៗនៅក្មេងៗ ហើយភាគច្រើនកំពុងសិក្សា និងនៅលីវទៀតផង ។
ចំណុចពិសេសទីពីរ មុនប្រកួតកីឡាករទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ មិនពិសាស្រាឡើយ ។ លក្ខណៈពិសេសទីបី ទូកងដ៏មានប្រជាប្រិយភាពប្រចាំខេត្តបាត់ដំបងនេះ ចេះសាមគ្គីគ្នាជាធ្លុង១ បានយ៉ាងល្អ ។ ភាពជាគំរូទីបួន របស់ទូកងនរិន្ទរង្សី គឺកីឡាករមិនមានការឌឺដងដាក់គូប្រកួតមុនប្រកួត និងក្រោយប្រកួត ។ និងចំណុចពិសេសទី៥ ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ គឺមានវិន័យល្អ គោរពគូប្រកួត ។ ចំណុចពិសេសមួយទៀត ដែលមិនគួរមើលរំលងនោះទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ គឺជាទូកងមួយដែលមានសោភ័ណភាពស្អាតប្រណិត ដែលស្របទៅតាមប្រពៃណីយ៉ាងល្អឥតខ្ចោះតែម្ដង ។
ប្រជាពលរដ្ឋ ឬអ្នកផលិតមាតិកា វីដេអូ សូម្បីថ្នាក់ដឹកនាំកំពូលៗក្នុងប្រទេសកម្ពុជា ក៏ផ្ទុះការចាប់អារម្មណ៍ កោតសរសើរ ក៏ដូចជា មានការចែករំលែករូបភាព និងវីដេអូយ៉ាងផុសផុលនៅលើបណ្ដាញសង្គមអំពីទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបងនេះផងដែរ ។ លក្ខណៈពិសេសក៏ដូចជា ចំណុចស្នូលទាំងអស់នេះហើយដែលបានធ្វើឲ្យទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ ផ្ទុះការចាប់អារម្មណ៍ និងទទួលប្រជាប្រិយភាពខ្លាំងក៏ដូចជា ទទួលបានការគោរពស្រលាញ់គាំទ្រស្ទើរមួយប្រទេសកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធិបុណ្យអុំទូកឆ្នាំ២០២៤ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ផ្នែកសោភ័ណភាព ។ ចំណាត់ថ្នាក់ល្បឿនផែនលេខ១ ។ និងចំណាត់ថ្នាក់លេខ៥ផ្នែកល្បឿនទូទាំងប្រទេស ។ ក្នុងការប្រកួត៦ជើង ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ បានយកឈ្នះ៥ជើងផងដែរ ៕