មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina

ដាកា៖ មេដឹកនាំស្តីទីរបស់ប្រទេសបង់ក្លាដែស លោក មូហាម៉ាដ យូនុស (Muhammad )បានអះអាងកាលពីថ្ងៃអាទិត្យទី១៧វិច្ឆិកាថា មនុស្សប្រហែល ១៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រី ស៊ិក ហាស៊ីណា (Sheikh Hasina) ក្នុងឆ្នាំនេះ ខណៈមនុស្សប្រហែលជា ៣៥០០ នាក់អាចត្រូវបានចាប់ពង្រត់ដោយបង្ខំក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៥ឆ្នាំរបស់លោកស្រី ហាស៊ីណា។
ការតវ៉ាបានចាប់ផ្តើមក្នុងខែកក្កដាជាចលនាដឹកនាំដោយនិស្សិតប្រឆាំងនឹងកូតាការងារក្នុងវិស័យសាធារណៈ និងបានឈានដល់ភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីឯករាជ្យបង់ក្លាដែសក្នុងឆ្នាំ១៩៧១ ដោយបានបង្ខំឱ្យលោកស្រី ហាស៊ីណា ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ លោក យូនុស បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិដែលប្រារព្ធខួប ១០០ថ្ងៃនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដោយលោកសន្យាថានឹងកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សាកន្លងមក។ រដ្ឋាភិបាលរបស់លោក យូនុស បានប្តេជ្ញាធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអ្វីដែលលោកហៅថាជា «កំហឹងរបស់របបផ្តាច់ការ»។
លោក យូនុស បានលើកឡើងថា គណៈកម្មការស៊ើបអង្កេតការបាត់ខ្លួនដោយបង្ខំបានរកឃើញព័ត៌មានចំនួន ១៦០០ករណីគិតត្រឹមខែតុលា ប៉ុន្តែចំនួនសរុបអាចលើសពី ៣៥០០ករណី។ លើសពីនេះ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការទាមទារការធ្វើបត្យាប័នលោកស្រី ហាស៊ីណា ពីប្រទេសឥណ្ឌាផងដែរ។ លោកបានសង្កត់ធ្ងន់ថា ៖«យើងនឹងកាត់ទោសរាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ ខណៈរដ្ឋាភិបាលបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកអ្នកដែលទទួលខុសត្រូវចំពោះករណីបាត់ខ្លួន និងការសម្លាប់ និងអំពើហិង្សាខែកក្កដាដល់ខែសីហាទៅកាន់តុលាការអន្តរជាតិ»។
មេដឹកនាំស្តីទីរូបនេះបានសង្កត់ធ្ងន់ថា ផែនការសម្រាប់ការបោះឆ្នោតសកលបន្ទាប់នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១៧០លាននាក់នឹងត្រូវបានបង្ហាញ នៅពេលដែលកំណែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។ គណបក្សនយោបាយរួមទាំងគណបក្សជាតិនិយមបង់ក្លាដែស (BNP) ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីកាឡេដា សៀ (Khaleda Zia) បាននឹងកំពុងដាក់សម្ពាធលើរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់ផែនការច្បាស់លាស់ក្នុងការរៀបចំការបោះឆ្នោតជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង