ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់ និងពិធីចែកសៀវភៅគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសដល់គ្រប់អង្គភាពស្ថិតក្រោមឱវាទក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត មន្ត្រីបច្ចេកទេស ដៃគូអភិវឌ្ឍន៍នានា និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចពីគោលបំណង នៃសិក្ខាសាលាក្នុងគោលដៅផ្សព្វផ្សាយនូវគោលការណ៍ណែនាំសំខាន់ៗ ដែលក្រុមការងារបច្ចេកទេសក្រសួងបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ផ្តួចផ្តើមរៀបចំឡើងជាបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ សម្រាប់ជាត្រីវិស័យចង្អុលបង្ហាញនូវយន្តការ និងវិធានបច្ចេកទេសសម្រាប់ការអនុវត្តការងារប្រព័ន្ធទឹកកខ្វក់ និងអនាម័យនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការលើកកម្ពស់សោភ័ណភាពបរិស្ថាន និងទីក្រុងប្រកបដោយចីរភាព។
សិក្ខាសាលានៅព្រឹកនេះនឹងផ្សព្វផ្សាយ ចែករំលែកនូវសមិទ្ធផលថ្មីចំនួន ៤បន្ថែមទៀត រួមមាន ១) គោលការណ៍ណែនាំ សម្រាប់ប្រតិបត្តិការ និងថែទាំបណ្តាញប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ២) គោលការណ៍ណែនាំ ស្តីពីស្ថានីយប្រព្រឹត្តកម្មភក់បង្គន់ដោយប្រើបច្ចេកវិទ្យាអាងហាលភក់មានដាំរុក្ខជាតិ ៣) បទដ្ឋានបច្ចេកទេសសម្រាប់ការងារប្រព័ន្ធទឹកកខ្វក់ និង ៤) បទដ្ឋានគំនូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម ដែលមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស សម្រាប់ចែកជូនដល់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ហើយក៏នឹងមានបទបង្ហាញអំពីខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍ណែនាំផងដែរដោយមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអ្នកជំនាញនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI)។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ បានទទួលការអនុម័តក្នុងសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤, ទទួលបានការអនុម័តយល់ព្រមពីរដ្ឋសភា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាបោះឆ្នោតអនុម័ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។ ក្រោយពីសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ចូលជាធរមាន នឹងក្លាយជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ជាពិសេសការអនុវត្តផែនការមេហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗសម្រាប់គាំទ្រការអភិវឌ្ឍប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងការបដិសេធ ព្រមទាំងពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យការបំពុលផ្សេងៗទៅលើបរិស្ថាន និងសុខភាពសាធារណៈនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង