អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។
សិក្ខាសាលានេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។
វគ្គសិក្ខាសាលាមានគោលបំណង ចែករំលែកចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាឱ្យបាននូវកិច្ចការពារការងារអភិរក្ស ការលើកតម្លៃសម្បតិ្តវប្បធម៌ធម្មជាតិ និងបង្កើនកិច្ចសហការរវាងនាយកដ្ឋាននីមួយដោយបង្កើតផែនការគ្រប់គ្រងរួមនៅតាមប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ។
ឯកឧត្តម ឡុង កុសល មានប្រសាសន៍ក្នុងឱកាសនោះថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកដុសខាត់ចំណេះដឹង និងបង្កើនសមត្ថភាពបំពេញការងាររបស់សិក្ខាកាម តាមរយៈការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកជំនាញដែលជាវាគ្មិនមកពីនាយកដ្ឋាននានា ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំលើការងាររបស់ពួកគាត់រៀងៗខ្លួន។ ឯកឧត្តមក៏បានសំណូមពរឲ្យរៀបចំផែនការគ្រប់គ្រងរួមដោយផ្អែកលើផែនទីហានីភ័យរួមមួយ ហើយធ្វើសកម្មភាពដើម្បីលុបបំបាត់ភាពហានីភ័យទាំងនោះ។
ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់នៅពេលបញ្ចប់វគ្គសិក្សានេះ៕

អត្ថបទដែលជាប់ទាក់ទង