ក្រុមបងធំ រហស្សនាម ដើមពោធិ៍ ហៅកាត់ជាអក្សរអង់គ្លេស (DP) ដេញកាប់ទៅលើយុវជន ២នាក់ ដែលកំពុងជិះម៉ូតូ១គ្រឿង ឌុបគ្នាតាមផ្លូវ ជនរងគ្រោះភ័យ ហើយជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លា..ប់ម្នាក់ និងរបួសធ្ង..ន់ម្នាក់
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបឈានដល់ការចាប់ខ្លួនក្រុមបងធំនោះបានចំនួន១៥នាក់ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រុមបងធំ រហស្សនាម ដើមពោធិ៍ ហៅកាត់ជាអក្សរអង់គ្លេស (DP) ដែលកន្លងមក តែងតែបង្កហិ.ង្សាទៅលើអ្នកដទៃជាញឹកញាប់នោះ ស្រាប់តែនៅយប់ថ្ងៃបុណ្យអុំទូក ថ្ងៃបង្ហើយ បាននាំគ្នាជិះម៉ូតូច្រើនគ្រឿង ដេញកាប់ទៅលើយុវជន ២នាក់ ដែលកំពុងជិះម៉ូតូ១គ្រឿង ឌុបគ្នាតាមផ្លូវ ពេលនោះបានធ្វើឲ្យជនរងគ្រោះភ័យ ហើយជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហើយក្រុមបងធំខាងលើនោះ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ។
សមត្ថកិច្ច បានបង្ហើបប្រាប់ឲ្យដឹងថា ក្រុមបងធំ ដែលតែងបង្កអសន្តិសុខ ប្រើហិ.ង្សាលើអ្នកដទៃខាងលើនោះ ត្រូវឃាត់បានចំនួន១៥នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូ០៨គ្រឿង ហើយនៅពុំទាន់ ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះទើបតែឃាត់ខ្លួនបាន នៅពុំទាន់បានសាកសួរនៅឡើយ ប៉ុន្តែក្រុមនេះ មានរហស្សនាមថា ដើមពោធិ៍ និងហៅកាត់ជាអក្សរអង់គ្លេសថា (DP) ដែលមានមេក្រុមម្នាក់ឈ្មោះហៅក្រៅថា អាម៉ាប់ មានទីលំនៅជិតខ្លោងទ្វារវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា អំពើហិង្សា ដែលបណ្ដាលឲ្យមានអ្នកស្លា.ប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនិងយប់ថ្ងៃបុណ្យអុំទូកបង្ហើយ ស្ថិតនៅក្នុងភូមិចំការឪឡឹក ទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយនៅវេលាយប់នោះ ក្រុមបងធំដើមពោធិ៍នេះ បានជិះម៉ូតូច្រើនគ្រឿង ដេញកាប់ទៅលើយុវជន ២នាក់ ដែលកំពុងជិះម៉ូតូម៉ាក Honda Zoomer-X ១គ្រឿង ហើយដោយភ័យពេក ជនរងគ្រោះបានជិះម៉ូតូរត់ ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលស្លា.ប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់តែម្ដង ។
ក្រោយបង្កឲ្យជនរងគ្រោះស្លា.ប់ និងរបួសរួច ក្រុមបងធំទាំងនោះ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ហើយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការស្រាវជ្រាវភ្លាមៗ ។ ក្រោយមក ក៏កំណត់បានមុខសញ្ញាក្រុមជនដៃដល់បាន គឺក្រុមបងធំដើមពោធិ៍(DP)នេះ ទើបឈានដល់ការឡោមព័ទ្ធ ឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕