រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស, លោក ប្រាក់ សុខុន ជំនួស លោក សុខ ចិន្តាសោភា
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ដែលជាការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ជំនួស លោក សុខ ចិន្តាសោភា។
នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ លោក សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយលោក ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស លោក សុខ សូកេន។
ក្នុងការកែសម្រួលលើកទី២នេះ សម្តេចមហាបវរធិបតី បានស្នើរដ្ឋសភា បោះឆ្នោតគាំទ្រ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។
លោក ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោកក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ផងដែរ។
ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប។ កិច្ចប្រជុំពេញអង្គនេះមានរបៀបវារៈចំនួន៤រួមមាន៖
១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។
២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕