Pep បន្តកិច្ចសន្យាដឹកនាំ Man City ១ឆ្នាំទៀត គម្រប់ ១០ឆ្នាំ និងឈ្នះបាន ១៨ពាន

(មេនឆេស្ទើ)៖ លោក Pep Guardiola បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មី ១រដូវកាលទៀត ក្នុងការដឹកនាំ Manchester City គម្រប់ ១០ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៦ មក ដោយឈ្នះពានសរុបកើនដល់ ១៨ពានផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៣ឆ្នាំខាងលើនេះ បានយល់ព្រមដឹកនាំក្រុមមេឃខៀវ ១រដូវកាលបន្ថែមទៀត ដ្បិតកិច្ចសន្យាចាស់នឹងអស់សុពលភាពនៅបំណាច់រដូវកាលឆ្នាំ២០២៤-២០២៥ នេះហើយ។
គិតចាប់តាំងពីឆ្នាំ២០១៦ ក្រោយពេលលាឈប់ដឹកនាំក្លិបខ្លារខិន Bayer Munich របស់អាល្លឺម៉ង់ ដើម្បីមកដឹកនាំ Man City ដោយឈ្នះពានគ្រប់យ៉ាងរួមទាំងពានលំដាប់កំពូលអឺរ៉ុប UEFA Champions League 2023 និងពានអង់គ្លេស Premier League បាន ៦លើកទៀតផង។
អតីតអ្នកចាត់ការទូទៅក្លិប FC Barcelona រូបនេះ បានជួយជ្រោមជ្រែង Man City ក្នុងនាមជាក្លិបទី២ របស់អង់គ្លេសដែលឈ្នះពាន ៣ក្នុង ១រដូវកាល បន្ទាប់ពី Manchester United ដោយបានឈ្នះពាន UCL, Premier League និង FA Cup នៃរដូវកាល ២០២២-២០២៣ និងក្លាយជាក្រុមដំបូងគេនៅ Premier League ដែលឈ្នះពានលីគកំពូលមួយនេះបាន ៤សម័យកាលជាប់ៗគ្នាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង