ពូទីន នឹងធ្វើដំណើរទៅឥណ្ឌា ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក

ស្របពេលពេលដែលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងក្តៅ ស្រាប់តែវិមានក្រឹមឡាំងប្រកាសថា លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ពីពេលវេលាច្បាស់ឡើយថាតើ លោក ពូទីន នឹងទៅឥណ្ឌានៅថ្ងៃណា ប៉ុន្តែអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងឆាប់ៗ។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំ២០២២មក។ ប្រធានាធិបតីរុស្ស៊ី បានបំពេញទស្សនកិច្ចលើកចុងក្រោយនៅប្រទេសអាស៊ីខាងត្បូងមួយនេះក្នុងខែធ្នូឆ្នាំ២០២១ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-រុស្ស៊ីនៅទីក្រុង ញូវដែលី ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។
ការប្រកាសអំពីដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅគគុក ជាពិសេសស្របពេលកងទ័ពលោក ហ្សេលេនស្គី បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហារក្នុងដីរុស្ស៊ីជាលើកដំបូង។
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល ATACMS ចំនួន៦គ្រាប់ ចូលទៅក្នុងតំបន់ Bryansk ជាលើកដំបូង ដើម្បីកម្ទេចឃ្លាំងគ្រាប់ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា មានមីស៊ីល៥គ្រាប់ ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir ចំណែកមួយគ្រាប់ទៀត បានហោះទៅបុកចំអគារមួយ។
សូមបញ្ជាក់ថា ឥណ្ឌាមានទំនាក់ទំនងជាមួយរុស្ស៊ីយូរមកហើយ ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការការពារជាតិ។ ចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះកាន់តែខ្លាំង ទីក្រុងញូវដែលីព្យាយាមគេចវេសមិនថ្កោលទោសឬដាក់ទណ្ឌកម្មក្រុងមូស្គូឡើយ ត្បិតមានសម្ពាធពីលោកខាងលិចក៏ដោយ។
ឥណ្ឌា ក៏ជាអតិថិជនប្រេងរុស្ស៊ីដ៏សំខាន់មួយផងដែរចាប់តាំងពីឆ្នាំ២០២២មក ថ្វីបើមានការរិះគន់ដោយចំហពីដៃគូលោកខាងលិចក៏ដោយ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺឈានដល់៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយទីក្រុងមូស្គូនិងញូវដែលី បានកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់១០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០៕

អត្ថបទដែលជាប់ទាក់ទង