ប្រមុខការទូតចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ

រីយ៉ូ, ប្រេស៊ីល៖ រដ្ឋមន្រ្តីការបទេសចិន និងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានជួបពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី សង្រ្គាមអ៊ុយក្រែន ក៏ដូចជាស្ថានភាពឧបទ្វីបកូរ៉េ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីល។
ក្រសួងការបរទសរុស្ស៉ី បានឱ្យដឹងថា លោករដ្ឋមន្រ្តី Sergei Lavrov បានប្រាប់សមភាគីលោក Wang Yi ដូច្នេះថា «យើងពិតជាស្ថិតក្នុងដំណាក់កាល មិនធ្លាប់មានពីមុនមក ជុំវិញការអភិវឌ្ឍទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងភាពជាដៃគូដ៏ទូលំទូលាយរបស់យើង»។ បើតាមក្រសួងការបរទេសចិនវិញ លោក Wang បាននិយាយថា ទីក្រុងប៉េកាំង មានឆន្ទៈធ្វើការជាមួយរុស្ស៉ី ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ ដ៏ទូលំទូលាយនេះ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនគ្នាផងដែរ ជុំវិញវិបត្តិអ៊ុយក្រែន និងស្ថានភាពនៅឧបទ្វីបកូរ៉េ ប៉ុន្តែគ្មានការបញ្ជាក់ព័ត៌មានលម្អិតនោះទេ។
ចិន និងរុស្ស៉ី បានប្រកាស «ភាពជាដៃគូគ្មានព្រំដែន» អំឡុងពេលដែលប្រធានាធិបតី លោក ពូទីន បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង តិចជាង ៣សប្តាហ៍មុនរុស្ស៉ីបញ្ជូនកងទ័ព ចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ នៅក្នុងខែឧសភា ឆ្នាំនេះ លោក ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសន្យាពង្រីកភាពជាដៃគូនេះ ទៅក្នុងបរិបទថ្មីមួយទៀត៕

អត្ថបទដែលជាប់ទាក់ទង