ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងពិធីប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ The Raffles Hotel Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលដឹកនាំដោយ លោកស្រី Jenny Scharrer ជានាយិកាប្រចាំប្រទេស នាពេលកន្លងមក ដែលមានកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូល្អជាមួយនឹងក្រសួង ស្ថាប័ននានានៅកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានភាពធន់ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Daniel Plankermann ដែលត្រូវបានតែងតាំងជា នាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា ជំនួស លោកស្រី Jenny Scharrer បានបញ្ចប់បេសកកម្មនាពេលនេះ ហើយប្ដេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតជាមួយធនាគារ KfW ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងឯកឧត្តមឯកអគ្គរដ្ឋទូត បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ KfW ដែលស្នាដៃល្អក្នុងការបំពេញការងារនៅកម្ពុជា ព្រមទាំងមានការទទួលទានអាហារការងារក្រោមបរិយាកាសរីករាយ និងមានកិច្ចសហប្រតិបត្តិការខ្ពស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង