កម្មករសំណង់ជាង៣០០នាក់ ដែលធ្វើការងារឲ្យក្រុមហ៊ុនចិន បាននាំគ្នាចេញមកតវ៉ានៅក្បែរមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់
ខេត្តឧត្តរមានជ័យ ៖ ករណីនេះ បានកើតឡើងនៅត្រង់ចំណុចការដ្ឋានក្រុមហ៊ុនចិនមួយកន្លែង ស្ថិតនៅក្បែរកាស៊ីណូអូរស្មាច់រីសត ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ។
កម្មករសំណង់ជាង៣០០នាក់ ដែលធ្វើការងារឲ្យក្រុមហ៊ុនចិន បាននាំគ្នាចេញមកតវ៉ានៅក្បែរមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ថ្លៃពលកម្មឲ្យពួកគាត់ ក្រោយពីបានខកខានជិត២ខែកន្លងមក ។
លោក ឈឿត ម៉ប់ ជាកម្មករសំណង់របស់ក្រុមហ៊ុនចិននៅច្រកអូរស្មាច់ បានឲ្យដឹងថា ថៅកែបានខកខានបើកប្រាក់ថ្លៃពលកម្មឲ្យពួកគាត់ជិត២ខែមកហើយ គឺចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កម្មករបម្រើការងារនៅក្រុមហ៊ុនចិនឈ្មោះឡុងសឹង អីុនធើណាស្យូណល ជាង៣០០នាក់ ធ្វើការងារនៅក្នុងក្រុមហ៊ុននេះ ពួកគេតែងទទួលបានប្រាក់ពលកម្មចន្លោះពី១០ទៅជិត២០ដុល្លារក្នុង១ថ្ងៃ ។
ចំណែកកម្មករសំណង់ម្នាក់ទៀតឈ្មោះ ខឿន និយាយថា គាត់បានចូលធ្វើការងារនៅក្រុមហ៊ុនចិននេះជាង១ខែមកហើយ ហើយថៅកែមិនទាន់បានបើកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្មឲ្យគាត់នៅ
ឡើយទេ ។ ដោយសារការបើកប្រាក់ថ្លៃពលកម្មនេះមានការយឺតយ៉ាវ ធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីក្រុមកម្មករផ្ទុះការតវ៉ា មន្ត្រីមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានទៅសម្របសម្រួលដោះស្រាយជាមួយកម្មករនិងភាគីក្រុមហ៊ុន ។ ខណៈនោះ អ្នកម៉ៅការការដ្ឋានសំណង់ឲ្យក្រុមហ៊ុនចិន ឡុងសឹង អីុនធើណាស្យូណាល លោក ហង្ស តារា បានអះអាងដោយសន្យាថា នឹងបើកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្មឲ្យកម្មករឲ្យអស់នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង៣រសៀល ។សូមជម្រាបថា អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក ម៉ូត សុខមេសា ថ្លែងថា តាមផ្លូវច្បាប់គឺថៅកែត្រូវបើកប្រាក់ឈ្នួលថ្លៃពលកម្មឲ្យកម្មករ១ខែ២ដង ប៉ុន្តែក្រុមហ៊ុនចិននេះមិនបានអនុវត្តតាម និងកំពុងអនុវត្តដោយខុសច្បាប់ផងដែរ ។ ក្រុមហ៊ុនបានបើកប្រាក់ឈ្នួលថ្លៃពលកម្មទៅឲ្យក្រុមកម្មករដែលតវ៉ា ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរួចរាល់ហើយដែរ ៕