ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម
នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំទន្លេបាសាក់២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម សូចនាករ របាយការណ៍សមិទ្ធកម្ម និងសវនកម្មលើបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការអាជ្ញាធរទន្លេសាប អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល និងមន្ទីរធនធានទឹក និងឧតុនិយម ទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគ្រូឧទ្ទេសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះគឺផ្តោតសំខាន់ទៅលើប្រធានបទចំនួន៣គឺ៖ ទី១)ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ទី២)សូចនាករ និងរបាយការណ៍សមិទ្ធកម្ម និងទី៣)សវនកម្មលើបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រសម្រេចតាមគោលដៅកំណត់ គឺចាំបាច់ត្រូវមានធាតុចូលសម្រាប់អនុវត្តន៍សកម្មភាព និងត្រូវមានការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលជាម៉ែត្រវាស់វែងនូវលទ្ធផលដែលសម្រេចបាន និងដើម្បីធ្វើការកែលម្អឡើងវិញ ៕