អាមេរិក បោះឆ្នោតប្រឆាំង បទឈប់បាញ់នៅហ្គហ្សា

នៅថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលើបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមអាយុកាល១៣ខែនៅតំបន់ហ្គាហ្សា ដោយលើកហេតុផលថា ក្នុងសំណើនោះគឺមិនមានចែងអំពីការទាមទារឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងភ្លាមៗនោះទេ។
ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សា UN គឺមាន១៤ប្រទេសទៅហើយដែលបោះឆ្នោតគាំទ្រ ខុសតែអាមេរិកមួយប៉ុណ្ណោះដែលសម្រេចចិត្តវេតូ។ តាមច្បាប់ ដើម្បីអនុម័តលើសំណើអ្វីមួយ ត្រូវតម្រូវឲ្យសមាជិកទាំងអស់បោះឆ្នោតគាំទ្រ ប៉ុន្តែបើមានសមាជិកណាមួយវេតូ នោះអ្វីៗនឹងត្រូវជាប់គាំងមិនអាចដំណើរការទៅមុខបានឡើយ។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកលោក Robert Wood បកស្រាយថា «យើងបានបញ្ជាក់យ៉ាងច្បាស់ក្នុងការចរចាហើយថា យើងមិនអាចគាំទ្របទឈប់បាញ់គ្មានលក្ខខណ្ឌ ទាំងដែលមិនដោះលែងចំណាប់ខ្មាំងនោះទេ។ ក្រុមហាម៉ាសនឹងមើលឃើញថា យុទ្ធសាស្ត្រដ៏ឃោរឃៅរបស់ខ្លួនពិតជាមានសង្ឃឹម ហើយសហគមន៍អន្តរជាតិ បានបំភ្លេចជោគវាសនារបស់ចំណាប់ខ្មាំងជាង១០០នាក់ មកពីជាង២០ប្រទេស ដែលត្រូវបានឃុំឃាំងអស់រយៈពេល៤១០ថ្ងៃមកហើយ»។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរងរបស់ប៉ាឡេស្ទីន លោក Majed Bamya បានបង្ហាញកំហឹងនិងការខកចិត្តយ៉ាងខ្លាំង ចំពោះបរាជ័យរបស់ស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ UN ដោយនិយាយថា ការដែលបទឈប់បាញ់មិនអាចលេចជារូបរាងបាន គឺជាការអនុញ្ញាតឲ្យអ៊ីស្រាអែល បន្តវាយលុកពេញទំហឹង ប្រឆាំងប្រជាជននិងទឹកដីប៉ាឡេស្ទីន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញមុខគាំទ្រផ្នែកការទូតដ៏រឹងមាំចំពោះអ៊ីស្រាអែល និងបន្តផ្តល់អាវុធសម្រាប់សង្រ្គាមនេះ។ បន្ទាប់ពីបានរារាំងសេចក្តីសម្រេចមុនៗ ពាក់ព័ន្ធជម្លោះនៅតំបន់ហ្គាហ្សា ទីក្រុងវ៉ាស៊ីនតោនកាលពីខែមីនា ក៏បានវេតូលើដំណោះស្រាយដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ផងដែរ។
អ៊ីស្រាអែល បានបើកប្រតិបត្តិការនៅតំបន់ហ្គាហ្សា ដោយគិតត្រឹមពេលនេះមានមនុស្សស្លាប់ជិត ៤៤ ០០០នាក់ហើយ។ យុទ្ធនាការដ៏សាហាវនេះ គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ជាង២៥០នាក់ទៀតជាចំណាប់ខ្មាំង៕

អត្ថបទដែលជាប់ទាក់ទង