សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ខិតខំយករឿងព្រំដែនមកនិយាយ ដូចជារឿងកោះគុតជាដើម មកបន្តបំភ្លៃព័ត៌មាន គឺដើម្បីឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ពួកគេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ៖ផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្ដេចបន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បី តែផលប្រយោជន៍នយោបាយរបស់ពួកគេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ?
ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការស្នើឱ្យរដ្ឋាភិបាលបញ្ចេញឯកសារ និង យុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។ សម្ដេចធិបតីបន្ថែមថា ចង់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សូមរង់ចាំមើលលទ្ធផល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលនឹងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនឱ្យបានប្រយោជន៍ជាអតិបរមា(ច្រើនបំផុត)ដល់កម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជាសាធារណៈជាថ្មីថា រដ្ឋាភិបាល ប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្ត ការដែលមាន តាមច្បាប់ និងបច្ចេកទេសអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង