បារីយ៉ាងតិច១០០០សុង ត្រូវក្រុមទាហានឈុតខ្មៅថៃ រុករកឃើញនៅក្នុងព្រៃមួយកន្លែង ក្បែរអូរព្រំដែនខ្មែរ-ថៃ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២០ វិច្ឆិកា បារីយ៉ាងតិច១០០០សុង ត្រូវក្រុមទាហានឈុតខ្មៅថៃ រុករកឃើញនៅក្នុងព្រៃមួយកន្លែង ក្បែរអូរព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រ ឃុំមខាម ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលគេសង្ស័យមានជនទុច្ចរិកលួចនាំឆ្លងដែនពីខ្មែរចេញទៅថៃ ។
កម្លាំងទាហានថៃបានដើរល្បាតតាមព្រំដែន ក៏ប្រទះឃើញកេសបារីទាំងនោះលាក់ទុកនៅក្នុងព្រៃក្បែរអូរព្រំដែរ តែមិនឃើញម្ចាស់ទេ ។ បើតាមប្រភពព័ត៌មានបារីទាំងនោះមានចំនួន១០០០សុង តែគេមិនបានប្រាប់ថា តើបារីទាំងអស់នោះមានម៉ាកអ្វីខ្លះទេ ? ប៉ុន្តែបានរាយការណ៍ថា ទំនិញបារីរត់គេចពន្ធទាំងនេះ ត្រូវជនទុច្ចរិកលួចនាំចេញពីទឹកដីខ្មែរ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្លងអូរព្រំដែន ចេញទៅទឹកដីថៃ តែកម្លាំងទាហានថៃ រឹបអូសបានតែបារី រីឯម្ចាស់បារីគេកំពុងធ្វើការស្រាវជ្រាវ ។
ប្រភពបានបង្ហើបដែរថា ឈ្មួញទុច្ចរិកដែលតែងដឹកជញ្ជូនទំនិញរត់ពន្ធឆ្លងដែនដូចជាបារីនេះ ភាគច្រើនជាពលករខ្មែរដែលមានឈ្មូញធំៗ ដែលមានសមាសសភាពភាគច្រើនជាកងកម្លាំងប្រដាប់អាវុធខ្មែរ (នគរបាល និងយោធា) ។ បើតាមប្រភពដដែលនេះបានទម្លាយថា បច្ចុប្បន្ន ឈ្មួញរត់ពន្ធទំនិញឆ្លងដែរ ពីទឹកដីខ្មែរ តាមច្រករបៀងនានា ចេញទៅប្រទេសថៃ មានគ្រប់រូបភាព និងស្ទើរគ្រប់ទំនិញ ។ មានដូចជា ស្រាបៀរ ខ្ទឹម ជាពិសេស«បារី»នេះតែម្ដង ។
ហើយបើនិយាយពីពលករខ្មែរឆ្លងដែនខុសច្បាប់ចេញទៅធ្វើការនៅប្រទេសថៃវិញ គឺមន្ត្រីព្រំដែនជាអ្នករៀបចំចាត់ចែងយ៉ាងរលូនតែម្ដង ។ ដោយឡែក ទំនិញដែលក្រុមឈ្មូញទុច្ចរិកលួចនាំចូលពីថៃមកដីខ្មែរវិញ គេសម្កាល់ឃើញមាន «ម៉ូតូ» លេចធ្លោជាងគេ។
នៅតាមស្ដង់លក់ម៉ូតូ តាមបណ្ដាស្រុកនានា ជាប់ព្រំដែន គេឃើញម្ចាស់ស្ដង់ ដាក់តាំងលក់ម៉ូតូភាគច្រើន គឺជាប្រភេទម៉ូតូមួយទឹកៗ ដែលលួចនាំចូលពីប្រទេសថៃយកមកតាំងលក់ជាសាធារណៈព្រោងព្រាតតាមស្ដង់នានាពេញទឹកដីខ្មែរជាប់ព្រំដែនថៃ៕

អត្ថបទដែលជាប់ទាក់ទង