វៀតណាមកា.ត់ទោ.សប្រ.ហារជីវិតបុរសជនជាតិវៀតណាមម្នាក់ករណីដឹកគ្រឿ..ងញៀ..ន ពីកម្ពុជា ចូលទៅវៀតណាម

ទីក្រុងហាណូយ៖ ថ្មីៗនេះ តុលាការវៀតណាមកាត់ទោសប្រហារជីវិតបុរសម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន២៥គីឡូក្រាម។ បុរសវៀតណាមឈ្មោះចាន់វ៉ាន់មេន (Trần Văn Mến) អាយុ៤២ឆ្នាំត្រូវតុលាការរកឃើញថាគាត់បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ នៅទីបំផុតត្រូវអស់លក្ខណ៍ និងត្រូវសមត្ថកិច្ចចាប់បាន។…
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត
ទីក្រុងហាណូយ៖ ថ្មីៗនេះ តុលាការវៀតណាមកាត់ទោសប្រហារជីវិតបុរសម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន២៥គីឡូក្រាម។ បុរសវៀតណាមឈ្មោះចាន់វ៉ាន់មេន (Trần Văn Mến) អាយុ៤២ឆ្នាំត្រូវតុលាការរកឃើញថាគាត់បានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ នៅទីបំផុតត្រូវអស់លក្ខណ៍ និងត្រូវសមត្ថកិច្ចចាប់បាន។ តុលាការសាលាដំបូងនៃខេត្តឡុងអាន (Long An) បានសម្រេចផ្ដន្ទាទោសដូចខាងលើនេះពីបទ «ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់»។
បុរសឈ្មោះចាន់វ៉ាន់មេន (Trần Văn Mến) ពោរពេញដោយទឹកមុខស្រពាប់ស្រពោន និងរលេងរលោងទឹកភ្នែក។ គាត់ដឹងច្បាស់ថាតែប៉ុណ្ណេះអ្វីៗត្រូវបញ្ចប់ទាំងអស់សម្រាប់ឆាកជីវិតរបស់គាត់។ នៅសល់កូនតូចៗ២នាក់ទៀត មិនដឹងថាមានអនាគតបែបណា។
បុរសឈ្មោះចាន់វ៉ាន់មេនគ្មានមុខរបរពិតប្រាកដទេ ហើយជាបុរសពោះម៉ាយលែងលះគ្នាជាមួយភរិយាដោយបន្សល់ទុកកូនជំទង់ៗ២នាក់ ម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ។ គាត់ស្រក់ទឹកភ្នែកនឹកស្រណោះខ្លួននៅពេលឃើញកូនឈររង់ចាំគាត់ធ្វើភ្នែកភ្លឹះៗនៅខាងក្រៅបន្ទប់សវនាការ។ តើអនាគតគ្នានឹងទៅជាយ៉ាងណាបើឪពុកជិតស្លាប់ចោលបែបនេះ?
តុលាការរកឃើញថាគាត់ចាប់ផ្ដើមដឹកជញ្ជូនគ្រឿងញៀនកាលពីដើមខែកក្កដា ឆ្នាំ២០២៤។ គាត់បែកគំនិតនេះបន្ទាប់ពីទៅមើលគេលេងល្បែងនៅកាស៊ីណូដែលស្ថិតនៅចម្ងាយបីរយម៉ែត្រពីផ្ទះរបស់គាត់។ នៅទីនោះគាត់ក៏ស្គាល់បុរសម្នាក់វ័យ៤០ឆ្នាំប្លាយ។ គាត់ពឹងឱ្យបុរសឈ្មោះចាន់វ៉ាន់មេនជួយដឹក «ទំនិញ» ចូលវៀតណាមផង ចាំគាត់ឱ្យថ្លៃឈ្នួលរាប់សិបលានដុង។
បុរសឈ្មោះចាន់វ៉ាន់មេនក៏យល់ព្រមដឹកឱ្យ។ គាត់ទទួលបានលុយ៨លានដុង(ប្រហែល៤០០ដុល្លារ) ដើម្បីទិញម៉ូតូ១គ្រឿង និងទទួលបានស៊ីមកាត១សម្រាប់ទាក់ទងគ្នា។ កន្លងផុតទៅបាន១សប្ដាហ៍ក្រោមការចង្អុលបង្ហាញពីបុរសដែលស្គាល់គ្នានៅកាស៊ីណូ គាត់ក៏ហែលទឹកកាត់ទន្លេវ៉ៃគោដែលវៀតណាមហៅកៃកូ(Cái Cô) នៅម៉ោង២ជិតភ្លឺដើម្បីទទួលទំនិញនៅខាងក្រោយកាស៊ីណូ។ នៅពេលត្រឡប់ទៅដល់ផ្ទះវិញ គាត់ស្រាយកញ្ចប់នោះមើល ឃើញស្បោងប្លាស្ទិចពណ៌ខ្មៅចំនួន៥។
ថង់នីមួយៗមានទម្ងន់១គីឡូក្រាម។ គាត់យករបស់ទាំងនោះទុកក្នុងបន្ទប់គេង។ បន្ទាប់មក នៅពេលមេឃភ្លឺគាត់ដឹកបន្តទៅប្រគល់ឱ្យនារីម្នាក់នៅទីក្រុងហូជីមិញ។ នៅថ្ងៃបន្ទាប់ គាត់យកទូរស័ព្ទទៅបោះចោលនៅក្នុងលូទឹកស្អុយ និងបង្ហួសដំណើរចូលមកស្រុកខ្មែរវិញដើម្បីទទួលលុយ៤០លានដុង។ បន្ទាប់មក គាត់ក៏លក់ម៉ូតូដែលទើបតែទិញបានថ្មីៗនោះចោលវិញ។
ខែកញ្ញា ឆ្នាំ២០២៤ បុរសដែលស្គាល់គ្នានៅកាស៊ីណូបានទាក់ទងទៅគាត់ម្ដងទៀត និងពឹងឱ្យគាត់ដឹកគ្រឿងញៀន១គីឡូក្រាមឆ្លងដែនដូចមុនទៀតដោយគិតថ្លៃឈ្នួល៧លានដុង (២៧៥ដុល្លារ)។ ក្រោយមក គាត់ទទួលដឹកបញ្ញើកាន់តែច្រើនជាងមុនទៅទៀត។ ទំនិញលើកនេះមាន២កាបូបស្ពាយធំៗដាក់សុទ្ធតែគ្រឿងញៀនពេញប៊ឹប។ បន្ទាប់មក គាត់យកទំនិញទាំងនេះទៅលាក់ទុកនៅក្នុងផ្ទះ។ នៅព្រឹកបន្ទាប់ សមត្ថកិច្ចចុះចាប់ខ្លួនគាត់តែម្ដងនៅពេលកំពុងអង្គុយញ៉ាំអាហារជិតផ្ទះ។
សមត្ថកិច្ចចូលឆែកឆេរនៅក្នុងផ្ទះ រកឃើញគ្រឿងញៀនកេតាមីន (ketamine) ១៥គីឡូក្រាម និងមេតំហ្វ១០គីឡូក្រាម។ នៅក្នុងតុលាការ គាត់អះអាងថាគាត់ត្រូវតែបង្ខំចិត្តស៊ីឈ្នួលដឹកជញ្ជូនគ្រឿងញៀនឱ្យគេដើម្បីជីវភាពប្រចាំថ្ងៃ។ គាត់មិនបានដឹងថានៅក្នុងបញ្ញើនោះមានអ្វីខ្លះទេ។ បុរសដែលស្គាល់គ្នានៅកាស៊ីណូប្រាប់គាត់ថាជាគ្រឿងបន្លាស់ទូរស័ព្ទ និងនាឡិកាដៃ។
ទោះបីបកស្រាយយ៉ាងណាក៏ជាការឥតប្រយោជន៍ដែរព្រោះគេមានភស្តុតាងគ្រប់គ្រាន់អស់ហើយ។ នៅក្នុងពាក្យបណ្ដាំចុងក្រោយរបស់គាត់មុននឹងលាចាកពីលោកនេះទៅ គាត់សម្ដែងការសោកស្ដាយ និងវិប្បដិសារីរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ គាត់ស្នើសុំឱ្យតុលាការបន្ធូរបន្ថយទោស។ ប៉ុន្តែតុលាការយល់ថាទង្វើរបស់គាត់មានស្ថានទម្ងន់ទោសខ្លាំងពេក។ ដូច្នេះ ត្រូវតែប្រហារជីវិតគាត់ចោលទើបបាន៕

អត្ថបទដែលជាប់ទាក់ទង