រដ្ឋមន្ត្រី កែវ រតនៈ ៖ រដ្ឋបន្តឧបត្ថម្ភធន ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃអគ្គិសនីជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានបន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព។
ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃ នៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល ដែលក្រសួងនឹងបន្តអនុវត្តន៍ លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា «បន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាពខណៈប្រទេសនានា កំពុងបន្តឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស
ក្នុងនោះផងដែរក្រសួងក៏បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០រៀល ៤៨០រៀល និង ៦១០រៀល សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង៤៨០រៀល សម្រាប់កសិកម្ម ដែលប្រើពេលយប់។ លើសពីនេះបន្ថយថ្លៃលក់ជូនផ្នែកឧស្សាហកម្ម កសិកម្ម និងសណ្ឋាគារ សម្រាប់វិស័យទេសចរណ៍ផងដែរ។
លោក កែវ រតនៈ បានបញ្ជាក់ថា ដើម្បីបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវាក្រសួងរ៉ែ បានធ្វើទំនើបកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង បញ្ហា និងពង្រឹងសមត្ថភាពផ្គត់ផ្គង់នានា ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា កាន់តែមានសមត្ថភាព និងកាន់តែមានស្ថិរភាព កាត់បន្ថយការរអាក់រអួល ដាច់ចរន្តអគ្គិសនីឱ្យកាន់តែតិចទៅៗ។
លោកបានបន្ដថា ជាលទ្ធផលការអភិវឌ្ឍប្រព័ន្ធបណ្តាញ បញ្ជូនតង់ស្យុងខ្ពស់ និងអនុស្ថានីយជាបន្តបន្ទាប់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្ពុជា កើនឡើងពី ៣៧០៨,៥៦គីឡូម៉ែត្រ នៅឆ្នាំ២០២៣ រហូតដល់៣៨៩០.៦៥៧គីឡូម៉ែត្រ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី៦៨កន្លែង នៅឆ្នាំ២០២៣ ឡើងរហូតដល់៧០កន្លែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។
លោកបានញ្ជាក់ថា ដើម្បីបន្តបង្កើនគុណភាព នៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងការស្នើសុំការផ្ដល់ព័ត៌មាន ការផ្ដល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង រវាងអ្នកប្រើប្រាស់អគ្គិសនី និងអ្នកផ្គត់ផ្គង់ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព និងមានប្រសិទ្ធភាព អគ្គិសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធី EDC-APP សម្រាប់តំបន់ដែលផ្គត់ផ្គង់ ដោយអគ្គិសនីកម្ពុជា ហើយអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានរៀបចំនិងដាក់ឱ្យប្រើប្រាស់កម្មវិធី EAC-APP សម្រាប់តំបន់អ្នកកាន់អាជ្ញាបណ្ណ ចែកចាយឯកជនផងដែរ៕