ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី
នៅថ្ងៃព្រហស្បត្តិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង ៣ប្រភេទ មន្ទីរជំនាញ អាជ្ញាធមូលដ្ឋាន បានអញ្ជេីញជាអធិបតីក្នុងពិធីចែកប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៏ថា៖ ការផ្តល់ប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ព្រមទាំងជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្មួយៗសិស្សានុសិស្សដែលជាយុវជនទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួបរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន សហគមន៍អោយមានការរីកចម្រើន៕