ម្ចាស់មកុដបរវកញ្ញា «ចក្រវាឡកម្ពុជា២០២៤» ប្រាសាទ ដាវីន កោតសរសើរទឹកចិត្តលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងរូបនាង រហូតទទួលបានជោគជ័យ

(ភ្នំពេញ)៖ បន្ទាប់ពីក្លាយជាម្ចាស់មកុដបរវកញ្ញាចក្រវាលកម្ពុជា Miss Universe 2024 អ្នកនាង ប្រាសាទ ដាវីន បានតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៤នេះ នៅប្រទេស ម៉ិកស៊ិកូ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាង ប្រាសាទ ដាវីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រោយត្រឡប់មកពីប្រកួតនៅម៉ិចស៊ិកូ និងទទួលបានជោគជ័យគួរជាទីមោទនៈ។
ក្នុងស្មារតីគាំទ្រលើកទឹកចិត្ត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានព្យាយាមត្រួសត្រាយផ្លូវគាំទ្របវរកញ្ញា ប្រាសាទ ដាវីន ជាបន្តបន្ទាប់ ពិសេសតាមរយៈការបោះឆ្នោត «Voice for Change» ចំនួន១០,០០០ Votes។
ក្រោយត្រឡប់មកដល់ទឹកដីកម្ពុជាវិញ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាង ប្រាសាទ ដាវីន បាននិយាយថា «ជាកិត្តិយសបំផុតដែលនាងខ្ញុំទទួលបានគាំទ្រ ជ្រោមជ្រែងពីលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ នាងខ្ញុំពិតជារំភើប និងស្ញប់ស្ញែងនូវទឹកចិត្តដ៏ស្រស់ស្អាតរបស់លោកជំទាវ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ នឹងបងប្អូនសិល្បករ-សិល្បការិនី បងប្អូនជនរួមជាតិទាំងអស់ ដែលនៅតែបន្តព្យាយាមជ្រោមជ្រែងដល់រូបនាងខ្ញុំ»។
ជ័យលាភីរបស់ ប្រាសាទ ដាវីន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលមិនមានបេក្ខនារីកម្ពុជាណាម្នាក់ បានឈានដល់ដំណាក់កាលចុងក្រោយ នៃការប្រកួតបវរកញ្ញាចក្រវាឡនេះទេ។ ប្រាសាទ ដាវីន បានរំលេចថា «ខ្ញុំសង្ឃឹមថា នេះគឺជានិមិត្តរូបតំណាងឲ្យសក្ដានុពលដែលគ្មានព្រំដែន ទៅកាន់ស្ត្រីគ្រប់រូប»។
គួរបញ្ជាក់ថា ម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៤ អ្នកនាង ប្រាសាទ ដាវីន មានអាយុ ៣៣ឆ្នាំ បានក្លាយជាស្ត្រីរៀបការដំបូងគេ និងជាម្ដាយដែលបានគ្រងតំណែងដ៏មានកិត្យានុភាពនេះ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល នៅលើឆាកអន្តរជាតិ ប្រាសាទ ដាវី បានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានក្លាយជាម្ចាស់ជ័យលាភីពានមាស «Voice for Change» និងបានសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ក្នុងការបោះជំហានក្លាយបវរកញ្ញាកំពូលទាំង៣០ចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង