វេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាមួយប្រជាពលរដ្ឋមូលដ្ឋានឃុំទ្រៀល
(កំពង់ធំ)៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក បានអញ្ជើញចុះធ្វើវេទិកាសាធារណៈ នៅវត្តទ្រៀល ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រៀល ឯកឧត្តម លោកជំទាវ តំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង៨ឃុំ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក តំណាងមន្ទីរជុំវិញខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាស្រុក និងប្រធាន អនុប្រធានការិយាល័យស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋសរុបចំនួនជាង៣០០នាក់។
វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល, ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទំាងកំណត់វិធានការដោះស្រាយឆ្លើយតបនៅតម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តម ឈាង វណ្ណារិទ្ធ បានជម្រាបជូនអង្គវេទិកាជ្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបានសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។
ជាមួយគ្នានេះឯកឧត្តម ឈាង វណ្ណារិទ្ធ ក៏បានលើកឡើងផងដែរថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាកង្វល់របស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សំដៅធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានកាន់តែល្អប្រសើរ។
ក្នុងអង្គវេទិកាសាធារណៈខាងលើនេះ ក៏មានប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន លើកកម្ពស់ការផ្តល់ សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះឯកឧត្តម ឈាង វណ្ណារិទ្ធ ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរ ពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈការពន្លឿន និងយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំង ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និង ដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាម សហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើនទំនុកចិត្ត ភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាលរបស់យើងផងដែរ៕