ត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់សរុបចំនួន ៩គ្រឿង នៅចំណុច ៣ទីតាំងផ្សេងៗគ្នា ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ៣ទីតាំងផ្សេងៗគ្នាទទួលបានលទ្ធផលដូចខាងក្រោម៖
– ផ្លូវជាតិលេខ៥ គ.មលេខ៥០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រួតពិនិត្យយានយន្តចំនួន ០៤គ្រឿង ក្នុងនោះដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ០៣គ្រឿង មានពាក់ឡូហ្គោ SSP,CN ជាប្រភេទរថយន្តភ្លៅ២ និងភ្លៅ៤។ យានយន្តដឹកខ្សាច់ និងស្រូវ ផ្ទុកទម្ងន់ចន្លោះពី ២៥តោន ដល់ ៤១តោន ក្នុងនោះផ្ទុកលើសទម្ងន់ចន្លោះពី ០៩តោន ដល់ ១២តោន។
– ផ្លូវជាតិលេខ២ គ.មលេខ១០១ ស្រុកទ្រាំង ខេត្តតាកែវ បានត្រួតពិនិត្យយានយន្តចំនួន ០៣គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០២គ្រឿង ជាប្រភេទរថយន្តភ្លៅ៣ ដឹកស្រូវ ផ្ទុកទម្ងន់ចន្លោះពី ៣០តោន ដល់ ៣៣តោន ក្នុងនោះលើសទម្ងន់ចន្លោះពី ០៥តោន ដល់ ០៨តោន។
– ផ្លូវជាតិលេខ១២៦ ស្រុកបាទី ខេត្តតាកែវ ត្រួតពិនិត្យយានយន្តចំនួន ០២គ្រឿង លើសទម្ងន់ទាំង ០២គ្រឿង មានពាក់ឡូហ្គោ TSM ប្រភេទរថយន្តភ្លៅ៤ ដឹកថ្ម ផ្ទុកទម្ងន់ ៥៩តោន ដូចគ្នា លើសទម្ងន់កម្រិតកំណត់ចំនួន ២៩តោន ។
សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៩គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០៧គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ២៥តោន ដល់ ៥៩តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ០៥តោន ដល់ ២៩តោន ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០៣គ្រឿង(លើសពី ២០% នៃច្បាប់អនុញ្ញាត) ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។
ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង