កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី
ឡុងដ៍៖ បើតាមការចុះផ្សាយរបស់កាសែត Politico កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ប្រសិនបើលោក វ្ល៉ាឌីមៀ ពូទីន ហ៊ានឈ្លានពានប្រទេសអឺរ៉ុបខាងកើតមួយផ្សេងទៀត។ ប្រមុខយោធាកំពូលរបស់ចក្រភពអង់គ្លេស បានលើកឡើងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា។
លោក រ៉ូប ម៉ាហ្គោវ៉ាន់ អនុប្រធានបុគ្គលិកការពារជាតិអង់គ្លេស បានប្រាប់គណៈកម្មាធិការការពារសភាថា៖«ប្រសិនបើកងទ័ពអង់គ្លេសត្រូវបានស្នើសុំឱ្យប្រយុទ្ធនៅយប់នេះ ពួកយើងនឹងប្រយុទ្ធនៅយប់នេះតែម្ដង។ ប្រសិនបើរុស្ស៊ីឈ្លានពានអឺរ៉ុបខាងកើតយប់នេះ នោះយើងនឹងប្រយុទ្ធជាមួយពួកគេ»។ ការអត្ថាធិប្បាយដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅពេលដែលសមាជិកសភាសួរលោក ម៉ាហ្គោវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ថា តើកងពលតូចអង់គ្លេសប៉ុន្មាននាក់ អាចទៅដល់ផ្នែកខាងកើតរបស់អង្គការណាតូនៅក្នុងព្រឹត្តិការណ៍នៃការបង្កហេតុដ៏ធំដោយប្រទេសរុស្ស៊ី?
ទោះបីជាមានការអះអាងដ៏រឹងប៉ឹងរបស់លោក ម៉ាហ្គោវ៉ាន់ ក្ដីកង្វល់នៅតែមានអំពីសមត្ថភាពយោធារបស់ចក្រភពអង់គ្លេស ក្នុងករណីផ្ទុះសង្គ្រាមនៅអឺរ៉ុប។ កងទ័ពដីគោករបស់ចក្រភពអង់គ្លេស មានទំហំតូចបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៧០០។ កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក ចន ហេលី ប្រាប់កាសែត Politico ថា៖«ស្ថានភាពនៃកងកម្លាំងប្រដាប់អាវុធអាក្រក់ជាងអ្វីដែលយើងគិត បន្ទាប់ពីគណបក្សការងារបានចូលកាន់កាប់រដ្ឋាភិបាលនៅរដូវក្ដៅ»។
លោក ហេលី បានប្រកាសនៅរសៀលថ្ងៃពុធថា ចក្រភពអង់គ្លេសកំពុងកាត់បន្ថយនាវាចម្បាំងចំនួន៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយការចំណាយ។ បច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ។
ការប្រកាសយ៉ាងឱឡារិករបស់មេទ័ពអង់គ្លេស លោក ម៉ាហ្គោវ៉ាន់ បានកើតឡើងនៅពេលដែលក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអង់គ្លេស បានបញ្ចប់ការសាកល្បងបាញ់ផ្ទាល់របស់កាំភ្លើងធំ Archer Mobile Howitzer ជាប្រព័ន្ធកាំភ្លើងធំដែលត្រូវបានរចនាឡើងសម្រាប់ការដាក់ពង្រាយយ៉ាងឆាប់រហ័ស។ វាបានកើតឡើងក្នុងអំឡុងពេល១២ថ្ងៃ នៃការហ្វឹកហ្វឺនអង្គការណាតូនៅប្រទេសហ្វាំងឡង់។ ក្ដីបារម្ភអំពីការកើនឡើងការឈ្លានពានរបស់រុស្ស៊ី កំពុងកើនឡើងនៅក្នុងទ្វីបអឺរ៉ុប ជំរុញដោយការជឿនលឿនរបស់រដ្ឋធានីម៉ូស្គូនៅសមរភូមិភាគខាងកើតអ៊ុយក្រែន។
សមាជិកអង្គការណាតូនៅអឺរ៉ុបខាងកើត រួមមាន៖ ឡាតវី និងអេស្តូនី បានឃ្លាំមើលការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនឥតដាក់ភ្នែក ខណៈប្រទេសហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់រុស្ស៊ីនៅភាគខាងកើត ទើបតែសប្តាហ៍នេះ បានព្រមានអំពីការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ច្បាប់របស់អង្គការណាតូ ស្តីពីការការពារសមូហភាព ចែងថា ការវាយប្រហារលើសមាជិកណាមួយ ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារលើអង្គការទាំងមូល៕