សម្រេចចោទប្រកាន់ជាផ្លូវការ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ក្រោយចាក់ថ្នាំអ្នកជំងឺស្លា//ប់ រួចយកទៅប្លុងចោល រួមទាំងក្មេងស្រីអាយុ៣ខួបម្នាក់

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំនិងឈ្មោះ ហៀង សុងហាក់ ហៅង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំដែលបានបើកកន្លែងព្យាបាលជំងឺមានឈ្មោះ មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ដោយគ្មានលិខិតអនុញ្ញាត។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ពីបទ៖ ទី១.បទមនុស្សឃាតដោយអចេតនា តាមបញ្ញត្តិមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។ទី២.បទប្រកបវិជ្ជាជីវៈសុខាភិបាល ដោយគ្មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ទី៣.បទលាក់បំបាំងសាកសព និងទី៤.បទទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា៥៣១ និងមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនសង្ស័យឈ្មោះ ហៀង សុងហាក់ ហៅង៉ែត ត្រូវបានចោទប្រកាន់ពីបទ៖ ទី១.បទប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។ ទី២.បទសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងទី៣.បទសមគំនិតក្នុងអំពើ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា២៩, មាត្រា៥៣១ និងមាត្រា២១១ នក្រមព្រហ្មទណ្ឌ។
គួររម្លឹកផងដែរថា កាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ស៊ុន ម៉ារីណា បានព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ដោយប្រើថ្នាំចាក់ ខណៈពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្មបណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្ដង ក្រោយមកម្ចាស់គ្លីនិកបានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ៣ឆ្នាំំ ត្រូវជាក្មួយរបស់សព ទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទីបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយដំបូងឡើយស្មានថា ជាករណីឃាតកម្ម ប៉ុន្តែបន្តាប់ពីមហាជនដឹងរឿងពិត ក៏បានរិះគន់គ្រូពេទ្យមិនសំចៃមាត់ ពីភាពព្រៃផ្សៃរបស់គ្រូពេទ្យធ្វើមកលើជនរងគ្រោះ ហើយភ្លាមៗសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនជាប់ចោទយកទៅសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង