ICAPP ចាត់ទុកព័ត៌មានក្លែងក្លាយ ជាប្រភពមួយបំផ្លាញសន្តិភាពពិភពលោក និងត្រូវរួមគ្នាដោះស្រាយ

ភ្នំពេញ៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញការព្រួយបារម្ភ នៃបញ្ហាព័ត៌មានក្លែងក្លាយ ដែលជាប្រភពមួយបំផ្លាញនូវសុខសន្តិភាពរបស់ពិភពលោក ដែលបញ្ហានេះ ICAPP ត្រូវរួមគ្នាដោះស្រាយ តាមរយៈការដាក់ចេញនូវយន្តការរួមផ្សេងៗ ។

ក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព” នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងគណបក្សនយោបាយ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី លើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាមួយនេះ ព័ត៌មានក្លែងក្លាយ (Fake News) ក៏បានកើតឡើង និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់មនុស្សនៅទូទាំងពិភពលោក គួរឲ្យមានការព្រួយបារម្ភ ព្រោះថា Fake News នេះ បានធ្វើឲ្យមានការយល់ច្រឡំ និងបង្កគ្រោះថ្នាក់ ឬបង្កភាពវឹកវរ ។

ពួកគេបានបន្តថា ចំពោះករណីព័ត៌មានក្លែងក្លាយ បានឃើញកើតឡើងលើព័ត៌មានលើបញ្ហាជាច្រើន ដូចជាសង្គ្រាម អន្តោប្រវេសន៍ នយោបាយ សន្តិសុខ… ហើយ Fake News នេះ បានធ្វើឲ្យមានការរើសអើង អសន្តិសុខ អំពើហិង្សា ការប្រកាន់នូវពូជសាសន៍ ហើយវាក៏បានធ្វើឲ្យមានអស្ថិរភាពពិភពលោក និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម ។

អ្នកតំណាងគណបក្សនយោបាយទាំងនោះ បន្ថែមថា ដើម្បីជាការចូលរួមលុបបំបាត់នូវព័ត៌មាន​ក្លែងក្លាយ​នេះ ប្រទេសនីមួយៗ គឺត្រូវតែមានគណនេយ្យសង្គម នៃការគ្រប់គ្រងដោយរដ្ឋាភិបាល ហើយអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ពួកគេក៏បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ​ដែលបានរៀបចំនូវមហាសន្និបាត ICAPP លើកទី១២ នេះ ប្រព្រឹត្តិទៅដោយរលូន និងល្អប្រសើរ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់នូវ​ព័ត៌មានក្លែងក្លាយ ដើម្បីស្ថិរភាពសង្គម រក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ ICAPP គ្រោងមានកិច្ចសហប្រតិបត្តិការរួមគ្នា នៃគណបក្ស​នយោបាយ ដែលបានចូលរួមក្នុងមហាសន្និបាត ICAPP បង្កើតឲ្យមានប្រព័ន្ធ និងក្របខណ្ឌតាមដាន ធ្វើយ៉ាងណាសំដៅដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង