បូមទឹកបញ្ជូនទៅតាមស្រែ និងប្រឡាយរងដំណាំស្រូវរបស់កសិករប្រមាណជាង ១៦០ហិកតានៅក្នុងស្រុក-ក្រុងចំនួន២នៃខេត្តកំពង់ស្ពឺ ដែលប្រឈមកង្វះទឹក

កំពង់ស្ពឺ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន២នៃខេត្តកំពង់ស្ពឺ ដែលកំពុងប្រឈមនឹងកង្វះទឹក ពេលនេះ មន្ទីរជំនាញកសិកម្ម និងមន្ទីរធនធានទឹក បាននិងកំពុងបូមទឹក បញ្ជូលទៅតាមស្រែ និងប្រឡាយរងដើម្បីជួយសង្គ្រោះហើយ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ដំណាំស្រូវធ្ងន់របស់ប្រជាកសិករប្រមាណជាង ១៦០ហិកតាស្ថិតនៅក្នុងសង្កាត់កណ្តោលដុំនៃក្រុងច្បារមន និងឃុំតាំងក្រូចនៃស្រុកសំរោងទងបានជួបបញ្ហាខ្វះទឹក ពេលដែលស្រូវកំពុងចេញផ្លែ និងដាក់គ្រាប់(កួរ)។ ខណៈដែលស្រូវកំពុងចេញផ្លែ ហើយជួបបញ្ហាខ្វះទឹក ស្រូវអាចប្រឈម និងស្កក មិនទទួលផលទេ ដូច្នេះទាមទារឱ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ម្ចាស់ស្រែ ត្រូវតែបូម និងបញ្ចូលទឹកទៅក្នុងស្រែឱ្យបានទាន់ពេល និងគ្រប់គ្រាន់ ដើម្បីឱ្យស្រូវអាចដាក់គ្រាប់ និងទុំនៅក្នុងកំឡុងសប្តាហ៍ទី២នៃខែធ្នូខាងមុខ។

ប្រធានមន្ទីរកសិកម្ម លោក យឹម ណន បានបញ្ជាក់ថា ដោយស្ថានភាពចាំបាច់នេះ មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម បានការសហការពីមន្ទីរជំនាញធនធានទឹក បានពន្លឿនការបូមទឹក និងច្រានទឹកឱ្យទៅដល់ស្រែរបស់បងប្អូនកសិករ ដែលកំពុងប្រឈម ធ្វើយ៉ាងណាសង្គ្រោះស្រូវ ដែលប្រឈមទាំងនោះឱ្យផុតពីការខូចខាត (ស្កក) បាន ១០០%។

ទន្ទឹមនិងការជួយសង្គ្រោះនេះ ក៏ទាមទារឱ្យមានការចូលរួមពីបងប្អូនជាម្ចាស់ស្រែផងដែរ គឺបើកភ្លឺឱ្យទឹកហូរចូល និងជួយបូមទឹកពីប្រឡាយរងបញ្ចូលទៅតាមស្រែរៀងខ្លួនឱ្យបានគ្រប់គ្រាន់ ព្រោះថា នៅបាំងតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ គឺលែងអីហើយ។ប៉ុន្តែជាមួយនេះ ក៏សូមឱ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងរក្សាទឹកទុក សន្សំសំចៃឱ្យបានខ្ពស់ ដើម្បីឱ្យទឹកអាចផ្គត់ផ្គង់ដល់ស្រូវរហូតដល់ថ្ងៃច្រូតកាត់៕

អត្ថបទដែលជាប់ទាក់ទង