បើកឆាកពូលB កម្ពុជា ចែក ១ពិន្ទុ ជាមួយឥណ្ឌូនេស៊ី នៃពាន AFF Women’s Cup 2024
(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចែក ១ពិន្ទុម្នាក់ ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្រោយប្រកួតស្មើគ្នា ០-០ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍(AFF Women’s Cup 2024) នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅប្រទេសឡាវ ។
យោងតាមស្ថិតិការប្រកួតដំបូងនេះ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អ ទោះមិនអាចបំប៉ោងសំណាញ់ទីក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី តែក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី ក្រុមកីឡាការិនីកម្ពុជា មានឱកាសស៊ុតជាច្រើនលើក តែធ្វើមិនបានសម្រេច ខណៈឥណ្ឌូនេស៊ី ក៏ដូចគ្នា ដែលនាំឲ្យរក្សាលទ្ធផល ០-០ ពេញម៉ោង ។
តាមរយៈការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមទាំងពីរ ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ខ្លួន ដោយត្រូវជួបក្រុមបាល់ទាត់នារីម៉ាឡេស៊ីរៀងៗខ្លួន ពោលគឺឥណ្ឌូនេស៊ី ត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី២៦ ខែវិច្ឆិកា និងកម្ពុជា ត្រូវជួបម៉ាឡេស៊ី នាថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៤ នេះ ៕