កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា កូរ៉េខាងជើងបានថ្កោលទោស ការធ្វើសមយុទ្ធយោធារួមគ្នា នាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយបានព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់ ដើម្បីការពារប្រទេស។
ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងសូមព្រមានធ្ងន់ៗឱ្យអាមេរិក និងសម្ព័ន្ធមិត្ត ដែលប្រកាន់ជំហរអរិភាព ចំពោះកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនានា ដែលបន្តបង្កហេតុ និងបង្កើនអស្ថិរភាព ហើយអាចរុញច្រាន ការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅឧបទ្វីបកូរ៉េនិងតំបន់ជុំវិញ ឱ្យទៅជាជម្លោះប្រដាប់អាវុធពិតប្រាកដ»។ ទីក្រុងព្យុងយ៉ាងបានបន្តថា យោធាកូរ៉េខាងជើង នឹងរក្សាជម្រើសទាំងអស់ឱ្យនៅបើកចំហ ហើយចាត់សកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់ ដើម្បីគ្រប់គ្រងហានិភ័យជាមុន ស្របពេលដែលបន្តឃ្លាំមើល សកម្មភាពយោធានានា របស់អាមេរិកនិងសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោន សេអ៊ូល និងតូក្យូ បានរួមគ្នាធ្វើសមយុទ្ធយោធា មានរយៈពេលសរុប៣ថ្ងៃ ហៅថា Freedom Edge ដែលមានការចូលរួមពី កងយន្តហោះចម្បាំង យន្តហោះល្បាត ហើយអ្វីដែលគួរឱ្យកត់សម្គាល់ជាងគេនោះ គឺនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ឈ្មោះ USS George Washington៕

អត្ថបទដែលជាប់ទាក់ទង